ខេត្តកំពង់ធំ៖ រថយន្ត Luxus RX300 មួយគ្រឿងបានបុកម៉តូ និងបន្តទៅបុករថយន្តកាមរី១គ្រឿងទៀត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៨ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៦ស្ថិតត្រង់ ចំណុចផ្លូវបំបែកមុខសាលាស្រុកស្ទោង ភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីរថយន្តបុកម៉ូតូហើយបន្ដទៅបុករថយន្ដ១គ្រឿងទៀត បណ្តាលឲ្យស្លាប់មនុស្ស០១នាក់ និងរបួសស្រាល០២នាក់ ។ រថយន្តបង្កម៉ាក Luxus RX300 ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 2A-2030 អ្នកបើកបររត់គេចខ្លួន បើកបរក្នុងទិសដៅពីជើងទៅត្បូង) និងអ្នករួមដំណើរមាន-ឈ្មោះ លាង គឹមល័រ ភេទស្រី អាយុ៤០ឆ្នាំ រស់ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (របួសស្រាលបញ្ជូនមកពេទ្យស្រុកស្ទោង ម្នាក់ទៀតឈ្មោះ ណាន គ្រឿន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ (របួសស្រាលបញ្ជូនមកពេទ្យស្រុក) ចំណែករថយន្តរងគ្រោះម៉ាក Camery បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-9667 អ្នកបើកបររត់គេចខ្លួន (ទិសដៅពីត្បូងទៅជើង) ម៉ូតូរងគ្រោះម៉ាកវេវ ពណ៌ខ្មៅ អត់ស្លាកលេខ បើកបរដោយឈ្មោះ លី វិចិត្រ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្លា ឃុំទ្រា ស្រុកស្ទោង បានស្លាប់នៅកន្លែងកតហេតុ) ទិសដៅពីត្បូងទៅជើង ។
មូលហេតុ អ្នកបើកបរ រថយន្ត Luxus ងងុយដេកបានបុកម៉ូតូ០១គ្រឿង ហើយវេចង្កូតទៅបុករថយន្ត០១គ្រឿងទៀត ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ និងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងរថយន្ត-ម៉ូតូ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោងរងចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី