ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក និងតាលីបង់មិនទាន់មានកិច្ចព្រមព្រៀងសន្តិភាពនៅឡើយទេ

ចែករំលែក៖

សង្គ្រាមនៅក្នុងប្រទេស​អាហ្វហ្គានីស្ថានរយៈពេល​ជិត​២០ឆ្នាំកន្លងមក ដោយបានសម្លាប់មនុស្សជាច្រើន ។ មកទលពេលនេះ ទាំងភាគីតាលីបង់និងទាហានរដ្ឋាភិបាលអាហ្វហ្គាណីស្ថាន ក៏ដូចជាអាមេរិក មិន ទាន់អាចចុះកិច្ចព្រមព្រៀងសន្តិភាព បាននៅឡើយទេ បើទោះបីភាគីទាំងពីរបានពិភាក្សាគ្នា ៨លើករួចមកហើយ​ ។

ក្រុមអ្នកច​រចាសន្ដិភាពរបស់ឧទ្ទាមតាលីបង់ នៅបា៉គីស្ថាន និងប្រតិភូអាមេរិក ដែលដឹកនាំដោយលោក Zalmay Khalizad បានជួប្រជុំគ្នាជាលើកទី៨ នៅក្នុងទីក្រុងដូហា ប្រទេស កាតារ ស្ដីអំពីកិច្ចព្រមព្រៀងសន្ដិភាព ។ ប៉ុន្ដែជំនួប រវាងក្រុងតាលីបង់ និងសហរដ្ឋអាមេរិក​ នោះបានបញ្ចប់ទៅវិញ ដោយមិនមានកិច្ចព្រមព្រៀងណាមួយ ចំពោះការបញ្ចប់សង្រ្គាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន​នោះឡើយ ។ ភាគីទាំងពីរ ​អះអាងរៀងៗខ្លួនថា ថ្នាក់ដឹកនាំកំពូល​របស់ខ្លួន​ នឹងជួបគ្នានូវជំហានបន្ទាប់ទៀត ។

កិច្ចប្រជុំ​លើកទី៨នេះ បានចាប់ផ្តើមធ្វើឡើង ​នៅប្រទេសកាតារ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ដោយផ្តោត​លម្ពិតលើបញ្ហា​បច្ចេកទេស ។ ប៉ុន្ដែជំនួបនេះ បានបញ្ចប់ភ្លាមៗ ​កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ហើយក៏មិនមានភាគីណាមួយ ​ផ្តល់ព័ត៌មានលម្អិតអំពី​​លទ្ធផល នៃកិច្ច​ពិភាក្សា ​​នៅក្នុងទីក្រុង Doha ប្រទេសកាតារនោះឡើយ ។ ​​គណៈប្រតិភូអាមេរិក ដឹកនាំដោយ​លោក Zalmay Khalilzad បានហៅថា នេះជាលទ្ធផល​មួយ ។ ដោយឡែកក្រុមតាលីបង់វិញ អ្នកនាំពាក្យ Zabihullah Mujahid ហៅថា «រយៈពេលវែង នឹងមានសារប្រយោជន៍» ។

ភាគីទាំងសងខាង​ បាននិងកំពុងពិភាក្សា​លើកិច្ចព្រមព្រៀងមួយ ដែលកងកម្លាំងទាហាន​អាមេរិក ​ត្រូវដកចេញពីប្រទេសអាហ្វហ្គានីស្ថាន ហើយក្រុមតាលីបង់​ធានាថា ប្រទេសនេះនឹងលែងកើតមានអំពើវាយប្រហារ ដោយ​ភេរវកម្មបន្ដទៀតហើយ ។

ដោយឡែកសហរដ្ឋអាមេរិក​ក៏ពិភាក្សា​ជំរុញ​​ឲ្យក្រុមតាលីបង់ ​ព្រមព្រៀង​លើចំណុចចំនួន​២ផ្សេងទៀត ដែលមួយចំណុចពិបាកនឹងសម្រេចបាននោះ គឺការពិភាក្សា​លើការចែកអំណាចគ្នា​ជាមួយ​រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលគាំទ្រដោយអាមេរិក និង​កិច្ចព្រមព្រៀងឈប់បាញ់គ្នា ។

កិច្ចព្រមព្រៀងមួយនេះ​ អាចនឹងផ្តល់ឲ្យលោក ដូណាល់ ត្រាំ សម្រេចបានដោយជោគជ័យ​ ក្នុងគោលបំណងរបស់គាត់ គឺការបញ្ចប់សង្គ្រាម​មួយ​ ដែលចាប់ផ្តើម ក្រោយការវាយប្រហារអំពើភេរវកម្ម កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ទៅលើ​ទឹកដីអាមេរិក ។

សង្គ្រាម​នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានអូសបន្លាយយ៉ាងយូរ​ ដោយមិនមានភាគីណាមួយ អាចទទួលជ័យជម្នះ ឬបរាជ័យ​នោះឡើយ ហើយ​ចំនួនជនរងគ្រោះដែលបានបាត់បង់ជីវិត ចេះតែបន្ដកើតឡើងជាបន្ដបន្ទាប់ ហើយ​ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានទាំងជនស៊ីវិល​ និងយុទ្ធជនផងដែរ ។

រដ្ឋាភិបាលអាហ្វហ្គានីស្ថាន​មិនបានពាក់ព័ន្ធចូលក្នុងកិច្ចពិភាក្សានោះឡើយ ។ ក្រុមតាលីបង់​ច្រានចោល​ការជួបពិភាក្សា​ជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថានបច្ចុប្បន្ន ។

ក្រុមតាលីបង់​ត្រូវបាន​មើលឃើញថា មានសកម្មភាពខ្លាំងក្លា ចាប់តាំងពី​អាមេរិកដឹកនាំ​ឈ្លានពាន​ទម្លាក់​រដ្ឋាភិបាល​៥ឆ្នាំរបស់ពួកគេ កាលពីឆ្នាំ២០០១ ។ អាមេរិក និងកម្លាំងសម្ពន្ធមិត្ត​​បានបញ្ចប់សមរភូមិពួកគេ​ក្នុងឆ្នាំ២០១៤ ។ ប៉ុន្តែ​ ទាហានប្រហែល​២០ ០០០នាក់​របស់អាមេរិក និងសម្ពន្ធមិត្ត​នៅបន្តឈរជើង​ក្នុងប្រទេសនេះ ៕


ចែករំលែក៖