ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ត្រូវកន្រ្តាកជណ្ដើរយន្តធ្លាក់គៀបជាប់ បណ្ដាលឲ្យស្លាប់ក្នុងការដ្ឋានកំពុងសាងសង់ក្បែរបេនឡានផ្សារធំថ្មី

ចែករំលែក៖

ភ្នំពេញ៖ កម្មករសំណងម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ដោយតែកន្រ្តាកជណ្ដើរយន្តដាច់ធ្លាក់មកគៀបជាប់ក្នុងការដ្ឋានកំពុងសាងសងថ្មី ដោយសារការធ្វេរប្រហែសនិងគ្មានបច្ចេកទេសត្រឹមត្រូវទើបបណ្ដាលឲ្យដាច់ធ្លាក់កន្រ្តាកជណ្ដើរយន្តបែបនេះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យភ្លាមៗ ។

ករណីមនុស្សធ្លាក់ពីលើការដ្ឋានកំពុងសាងសងថ្មី នៅវេលាម៉ោង ១១និង៥០នាទីព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្បែរបេនរថយន្តតាក់ស៊ីផ្សារធំថ្មី តាមផ្លូវលេខ១១៨ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ប៊ូ សុភ័ណ្ឌ អាយុ ៣៩ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលម្តុំផ្សារសាំផាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅខេត្តព្រៃវែង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាកម្មករសំណង់ ព្រមទាំងមិត្តរួមការងារជាមួយគ្នាម្នាក់ទៀត បាននាំគ្នាធ្វើការដោះជណ្តើរយន្តក៏ស្រាប់តែដាច់ធ្លាក់សង្កត់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។ ចំណែកបុរសម្នាក់ទៀតមិនមានរងរបួសនោះទេ ។

ក្រោយកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាននិងជំនាញក៏បានចុះមកធ្វើត្រួតពិនិត្យកន្លែងកើតហេតុធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយកន្ត្រាកជណ្តើរយន្តធ្លាក់សង្កត់ពីលើបណ្តាលឲ្យស្លាប់ពិតប្រាកដមែន ។

បច្ចុប្បន្នសពជនរងគ្រោះបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ជ្រោយពេជ្រ


ចែករំលែក៖