ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆាបឆេះផ្ទះ ផ្ទុះធុងហ្គាស់របួសមនុស្ស៩នាក់ នៅខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១២-៤០ នាទីយប់ មានគ្រោះថ្នាក់អគ្គិភ័យដោយភ្លើងឆាបឆេះផ្ទះលក់អីវ៉ាន់លក់ចាបហួយមួយកន្លែងនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

ផ្ទះដែលទទួលរងការឆាបឆេះខាងលើសាងសង់អំពីថ្ម មានទំហំ៩ម៉ែត្រគុណ១២ម៉ែត្រ កម្ពស់ពីរជាន់ ដំបូលប្រក់ស័ង្កសី បូករួមនឹងរបស់របរ រងការខូចខាតយ៉ាងសន្ធឹកសន្ធាប់ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ គួយ គឹមលេញ ភេទប្រុស អាយុ៥៧ ឆ្នាំ រស់នៅភូមិឃុំខាងលើ មុខរបរ លក់ចាប់ហួយ ប្រពន្ធឈ្មោះ អ៊ឹង មួយប៉ ភេទស្រី អាយុ ៤៩ ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។

សមត្ថកិច្ចបនបន្តថា មូលហេតុបណ្ដាលមកពីទុស្សេខែ្សភ្លើង ទើបបង្កអគ្គិភ័យកើតឡើង និងមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។

ក្នុងហេតុការណ៍នេះ ដោយមានកម្លាំងចូលរួមពន្លត់អគ្គិភ័យ រួមមានកម្លាំងនគរបាលខេត្ត ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទវរៈ៩០៥ និងកម្លាំងយោធា កងរាជអាវុធហត្ថ ទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ ជួយអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គិភ័យ សរុប ៥ គ្រឿង ម៉ូតូដឹកទឹកមួយចំនួន បាញ់ពន្លត់គិតមកដល់ម៉ោង៥ -០០ នាទីព្រឹក ដោយប្រើប្រាស់ទឹកសរុប ចំនួន ៤០ ឡាន ។

ក្នុងហេតុការណ៍នេះដែរ មានការផ្ទុះធុងហ្គាស់ ប៉ើងកញ្ចក់ទ្វារ និងបង្អួច បណ្តាលឲ្យរងរបួស អ្នកកំពុងជួយអន្តរាគមន៍ សរុប ចំនួន ០៩ នាក់ ស្រី ៤ នាក់ ក្នុងនោះ នគរបាលស្រុកចំនួន ០៤ នាក់ ៕ ប៉ែននួន


ចែករំលែក៖