ភ្នំពេញ៖ យុវជនម្នាក់បានបោកក្បាលនិងថ្នល់ ស្លាប់មួយរំពេច ខណៈកំពុងជិះម៉ូតូសុខៗ ត្រូវបានរថយន្តមួយគ្រឿងមិនម៉ាកបើកឆ្លងផ្លូវទៅបុកពេញទំហឹង ហើយបើករត់បាត់ស្រមោល កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A(ត្រង់ចំណុចមុខសាលាសង្កាត់បាក់ខែង) ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ គា សុត្រា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុសរថយន្ត នៅម្តុំហ្គ្រេនភ្នំពេញ បច្ចុប្បន្នស្នាក់នៅ ភូមិកាចាប់ខាងត្បូង ឃុំព្រែកតាមាក់ ស្រុកមុខកំពូល ខេត្តកណ្តាល ។
តាមប្រពភព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក VIVA ពណ៌ក្រហម ពាក់ស្លាកលេខ ម-0141ភព-1 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿង មិនចាំម៉ាកបានបើកចេញពីផ្លូវបេតុងទិសដៅកើតទៅលិចឆ្លងមកផ្លូវជាតិលេខ៦A បំណងបត់មកឆ្វេងដៃ ហើយជ្រុលទៅបុកម៉ូតូ ខាងលើពេញទំហឹង បណ្តាលឲ្យជនរងគ្រោះអ្នកបើកបរដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯរថយន្តបង្កបានបើករត់ចេញពីកន្លែងកើតហេតុ បាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារជនរងគ្រោះ និងធ្វើកំណត់ហេតុដើម្បីប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូសមត្ថកិច្ចប្រគល់ជូនសាច់ញាត្តិវិញ ៕ ធឿនព្រែកជ័យ