ព័ត៌មានទាន់ហេតុការណ៍៖

លោក សៀក មុន្នី ទទួលតំណែង អភិបាលស្រុកអូររាំង មិនទាន់បាន២ខែផង ប្រើអំណាចឈូសឆាយរំលោភយកដីរដ្ឋ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បើតាមការបញ្ជាក់អោយដឹងពីមន្ត្រីសាលាខេត្តអោយដឹងថា៖ អភិបាលខេត្តមណ្ឌលគិរី បញ្ជាឲ្យសមត្ថកិច្ចទប់ស្កាត់គ្រឿងចក្រឈូសឆាយដីព្រៃ និងកោះហៅ លោក សៀក មុន្នី អភិបាលស្រុកអូររាំង ដែលទើបឡើងកាន់តំណែងជាង១ខែនោះ មកសួរនាំ ពាក់ព័ន្ធប្រើសិទ្ធអំណាចរបស់ខ្លួន យកគ្រឿងចក្រឈូសឆាយរំលោភយកដីរដ្ឋ ដែលស្ថិតក្នុងគ្រប់គ្រងដោយជំនាញរដ្ឋបាលព្រៃឈើ។

លោក អ៊ុំ វណ្ណសុភក៍ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានប្រាប់អង្គភាព «នគរវត្ត»តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះថា៖ ពិតជាមានការឃាត់ទុកគ្រឿងចក្រទាំងនោះមែន ប៉ុន្តែជំហានដំបូងគាត់(សៀក មុន្នី)និយាយថាគាត់បានសុំច្បាប់ពីអភិបាលខេត្តដើម្បីធ្វើផ្លូវ ដូច្នេះអ្នកកាសែតអាចសួរទៅលោកអភិបាលខេត្តផ្ទាល់ល្អជាង។

លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបាន ដោយទូរស័ព្ទចូលគ្មានអ្នកទទួលនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា៖ លោក សៀក មុន្នី អភិបាលស្រុកអូររាំង ដែលទើបប្រកាសតែងតាំងថ្មី ត្រូវបានមន្រ្តីរាជការស្រុកអូររាំងមួយចំនួន អះអាងថា អភិបាលស្រុករូបនេះ កំពុងឈូសឆាយផ្លូវក្នុងព្រៃមួយខ្សែ មានទំហំទទឹងមិនតិចជាង២០ម៉ែត្រ ឈូសឆាយកាត់ព្រៃឈើ និងដើមស្រល់រាប់យរយពាន់ម៉ែត្រ ដោយមិនបាច់មានការអនុញ្ញាត ពីក្រសួង ឬរដ្ឋបាលសាលាខេត្តមណ្ឌលគិរីនោះឡើយ។ នេះជាបទល្មើសព្រហ្មទណ្ឌ សូម្បីតែមេឃុំ, ជំនាញរដ្ឋបាលព្រៃឈើក៏មានសិទ្ធធ្វើបណ្តឹងបរិហារបានដែរ ប្រសិនបើថ្នាក់លើមិនមានវិធានការ ទៅលើជនរូបនេះ ខណៈគាត់បំផ្លាញទ្រព្យសម្បត្តិរដ្ឋ ដូចជាដើមស្រស់នេះជាដើម។

មន្ត្រីបានបញ្ជាក់ថា៖ សកម្មភាពឈូសឆាយប្រព្រឹត្តដោយ លោក សៀក មុន្នី អភិបាលស្រុកអូររាំង នេះ ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ម្យ៉ាងវិញទៀតបើតាមការលើកឡើងពីមន្រ្តីរាជការ និងសហគមន៍នៅក្នុងតំបន់នេះ បានឲ្យដឹងថា ការឈូសឆាយធ្វើផ្លូវកណ្តាលព្រៃឈើបែបនេះ អាចក្នុងបំណងឈូសឆាយទៅកន្លែងដីរបស់ពួកគេ លួចបោះបង្គោលរំលោភយកដីរដ្ឋមកធ្វើកម្មសិទ្ធិ។

មន្ត្រីបានបន្តថា៖ នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ អ្នកបើកបរគ្រឿងចក្រឈូសឆាយអាប៊ុល បានប្រាប់ភ្នាក់ងារសារព័ត៌មាន ដែលចុះទៅដល់ទីតាំងកំពុងធ្វើសកម្មភាពថា៖ លោក សៀក មុន្នី អភិបាលស្រុក ជាបញ្ជាឲ្យឈូសឆាយដីព្រៃ និងឈូសឆាយដីព្រៃ ព្រមទាំងឈូសឆាយដើមស្រល់នេះ និងមានទីតាំងមួយចំនួនទៀតលោក សៀក មុន្នី ក៏បញ្ជាឲ្យឈូសឆាយដើមស្រល់កប់បំបាត់ភស្តុតាងផងដែរ។

ក្រោយមកករណីនេះ ភ្លាមៗ ក៏លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានបញ្ជាឲ្យនាយខ័ណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី លោក អ៊ុ វណ្ណសុភៈ និងលោក ហែម បូណារ៉ែល មេបញ្ជាការអាវុធហត្ថខេត្ត ដឹកនាំកំលាំង ចុះឃាត់ចាប់គ្រឿងចក្រកំពុងធ្វើសកម្មភាពនៅទីតាំងខាងលើ និងកោះហៅលោក សៀក មុន្នី អភិបាលស្រុកអូររាំង មកសួរនាំជុំវិញបញ្ហានេះ។

ទោះជាយ៉ាងណាក៏ដោយ អង្គភាព «នគរវត្ត»មិនអាចសុំការបកស្រាយពីលោក សៀក មុន្នីបានទេ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដោយគ្មានលេខទូរស័ព្ទ។ ប៉ុន្តែប្រភពមិនផ្លូវការ តែអាចទុកចិត្តបានលួចបង្ហើបថា៖ បញ្ហាឈូសឆាយព្រៃបប្រព្រឹត្តដោយលោក សៀក មុន្នី អភិបាលស្រុកអូររាំង មានព្រះរាជអាជ្ញារង១រូប នៅពីក្រោមឬផ្សំគំនិត ទើបភ្លាមៗនោះមិនបានឃាត់ខ្លួនលោក សៀក មុន្នី ក្នុងបទល្មើសជាក់ស្តែង ដោយមន្ត្រីនគរបាលយុត្តិធម៍កងរាជអាវុធហត្ថខេត្ត និងជំនាញរដ្ឋបាលព្រៃឈើ។

លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី បានអោយដឹងថា៖ ការឃាត់គ្រឿងចក្រខាងលើធ្វើតាមបញ្ជាគណៈបញ្ជាការឯកភាពខេត្ត ប៉ុន្តែក្រោយមកឮថា មានលិខិតស្នើសុំធ្វើផ្លូវ ដូច្នេះរឿងនេះមានតែលោកអភិបាលខេត្តទេគាត់អាចបញ្ជាក់បាន។

ទោះជាបញ្ហាឈូសឆាយរំលោភយកដីរដ្ឋ ស្ថិតក្នុងការគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ប្រព្រឹត្តដោយ លោក សៀក មុន្នី អភិបាលស្រុកអូររាំង កំពុងព្យាយាមដោះបន្ទុក បង្វិលទៅជាការធ្វើផ្លូវក៏ដោយ ក៏អាចប្រឈមបណ្តឹងអាជ្ញា អាចតំណាងអយ្យការកោះហៅ លោក សៀក មុន្នី មកបំភ្លឺ ខណៈកន្លងទៅ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានរឹតបន្តឹងតាមផ្លូវច្បាប់ ជម្រុញអោយជំនាញរដ្ឋបាលព្រៃឈើ ខាងមន្ទីរកសិកម្មខេត្ត ការពារដីព្រៃរបស់រដ្ឋ។

លោក ហៀង សុភក្រ្ត ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី អង្គភាព «នគរវត្ត»មិនអាចទាក់ទងសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី១៦ ខែសីហា នេះ ប៉ុន្តែមានមន្ត្រីតុលាការខ្លះលួចបង្ហើបថា៖ ករណី លោក សៀក មុន្នី អភិបាលស្រុកអូររាំង ឈូសឆាយដីព្រៃ រលំដើមស្រល់ កប់ដើមស្រល់បំបាត់ភស្តុតាង កន្លងទៅនេះ អាចតំណាងអយ្យការដាច់ខាតគឺត្រូវកោះហៅ ជនសង្ស័យ សៀក មុន្នី មកបំភ្លឺ តាមនីតិវិធី បន្ទាប់ពីលោកព្រះរាជអាជ្ញាគាត់ទទួលបានព័ត៍មាននេះ ហើយសមត្ថកិច្ច និងជំនាញ អាជ្ញាធម៍ក៏មិនរាយការណ៍ជូនទៅតំណាងអយ្យការថែមទៀត៕ សុខ ខេមរា


ចែករំលែក៖