ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលលើកទី​៦ ដោយប្រកាសថាកិច្ចពិភាក្សាឧបទ្វីបបានបញ្ចប់

ចែករំលែក៖

នៅព្រឹកថ្ងៃទី​១៦ ខែសីហានេះ កូរ៉េខាងជើង បន្តបាញ់មីស៊ីល ពីរដើមទៀត ដែលជាការបាញ់សាកល្បងលើកទី៦ហើយ​ ចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដា មកទល់ពេលនេះ។ កូរ៉េខាងជើង ក៏បានប្រកាសផងដែរថា កិច្ចពិភាក្សាជាមួយកូរ៉េខាងត្បូង បានបញ្ចប់ហើយ។

ក្រោយការបាញ់សាកល្បងលើកទី​៦នេះ ក្រុមសន្តិសុខកូរ៉េខាងត្បូង​ ក៏បានកោះប្រជុំជាបន្ទាន់ទំាងព្រឹក ស្តីពីការបាញ់សាកល្បងខាងលើ ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងការពារជាតិជប៉ុន ក៏បានប្រកាសផងដែរថា មិនមានការគំរាមកំហែងដល់សន្តិសុខជប៉ុនឡើយ។ ការបាញ់សាកល្បងខាងលើ គឺជាការប្រឆាំងនឹងសកម្មភាពធ្វើសមយុទ្ធ​របស់ អាមេរិក និងកូរ៉េខាងត្បូង ដែលទីក្រុងព្យុងយ៉ាងចាត់ទុកថា ជាសកម្មភាពប៉ុនប៉ងឈ្លានពានទឹកដីកូរ៉េខាងជើង ។

ពាក់ព័ន្ធការបាញ់ប្រហារខាងលើ សារព័ត៌មាន Sputniknews នៅព្រឹកថ្ងៃទី១៦ ខែសីហា បានផ្សាយថា កូរ៉េខាងជើងបានបាញ់មីស៊ីល​ពីរគ្រាប់​ ចូលទៅកាន់ដែនសមុទ្រ នាភាគខាងកើត ឬអ្វីដែលគេស្គាល់ថា សមុទ្រជប៉ុន ។ នេះជាការបាញ់សាកល្បងមីស៊ីលជា​ថ្មីបន្ថែមទៀតរបស់រដ្ឋឯកោកូរ៉េខាងជើង។

ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៩ មក រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង​ បានបាញ់សាកល្បងមីស៊ីល​ជាច្រើន​គ្រាប់ ហើយមីស៊ីលទាំងនោះ សុទ្ធតែជាមីស៊ីលប៉ាល្លិស្ទិក ​រយៈចម្ងាយខ្លី ។ ការបាញ់ថ្មីៗនេះ​ត្រូវគេរាយការណ៍ថា កើតឡើង​ចំពេលដែល​សមយុទ្ធយោធា​រវាងអាមេរិក និងកូរ៉េខាងត្បូង​កំពុងប្រព្រឹត្ត​ទៅ​ ចាប់ផ្តើមពីថ្ងៃទី៥​ ខែសីហា រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ។

អគ្គសេនាធិការ​ចម្រុះរបស់កូរ៉េខាងត្បូង ​បានថ្លែងថា កូរ៉េខាងជើង​បាញ់មីស៊ីល​មិនស្គាល់ភិនភាគ​ ចំនួនពីរគ្រាប់ ​នៅជិតទីក្រុង Tongchon ខេត្ត Kangwon ទៅកាន់សមុទ្រខាងកើត ឬដែលស្គាល់ថា សមុទ្រជប៉ុន ។

សេចក្តីថ្លែងការណ៍​ដដែល ត្រូវបាន​ប្រភព AFP ដកស្រង់ចុះផ្សាយ​ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នេះថា យោធា​កូរ៉េខាងត្បូង ​​កំពុងត្រួតពិនិត្យ​ស្ថានការណ៍នេះ​ ខ្លាចក្រែងមានការបាញ់ប្រហារបន្ថែមទៀត ខណៈត្រៀម​លក្ខណៈចំពោះ​ឥរិយាបថទាំងនេះ ។

បើទោះបីកូរ៉េខាងជើងនៅតែមានសកម្មភាព ឌឺដង​ តែប្រធានាធិបតី កូរ៉េខាងត្បូងលោក ម៉ូន ជេអ៊ីន សន្យានឹងបង្រួបបង្រួមឧបទ្វីបកូរ៉េនៅឆ្នាំ​២០៤៥។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជេអ៊ីន បានប្រកាសសន្យាថា លោកនឹង បង្រួប បង្រួមឧបទ្វីបកូរ៉េនៅឆ្នាំ​២០៤៥ ​មានន័យថា​ការបង្រួមបង្រួមក្រោយសង្ក្រាមលោកលើកទីពីរបានបញ្ចប់គ្រប់​១០០ឆ្នាំ ​។

នៅទិវា ៧៤​ឆ្នាំ ថ្ងៃបញ្ចប់សង្គ្រាមលោកលើកទីពីរ (១៥/៨/​១៩៤៥-១៥/៨/២០១៩) ប្រធានាធិបតី ម៉ូន ជេអ៊ីន បាន ប្រកាសថា​​ កូរ៉េខាងត្បូង ពិតជារីករាយ​ដែលបានរួមចំណែកធ្វើឲ្យ​សង្គ្រាមពាណិជ្ជកម្មប្រទេសទាំងពីរ ល្អប្រសើរឡើងវិញ ​។

ជាមួយគ្នានេះប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឲ្យ​ពិភាក្សាស្តីពីការរំសាយអាវុធបរមាណូ ។​ លោក​ម៉ូនជេអ៊ីន ក៏បានអំពាវានាវដល់​អាមេរិក និងកូរ៉េខាងជើង រៀងចំជំនួបពិភាក្សាលើកទី​៤ ​ឲ្យបានឆាប់បំផុត ​។ លោកត្រាំ និង គីម ជុងអ៊ុន បានជួបពិភាក្សាគ្នា ៣លើករួចមកហើយ នៅសឹង្ហបុរី​​នាថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ លើកទីពីរនៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ និង លើកទី៣ នៅថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ ​នៅព្រំដែន​ dmz ​រវាងកូរ៉េខាងត្បូង និងខាងជើង ។

លោកម៉ុន ជេអ៊ីន បានបញ្ជាក់ថា នៅពេលនេះ ទាំងអាមេរិក កូរ៉េខាងត្បូង និងកូរ៉េខាងជើង ចាំបាច់ត្រូវតែរៀបចំជំនួបពិភាក្សាឲ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន​។ លោក​ម៉ូន បញ្ជាក់ថា នេះជាពេលវេលាដែល​ត្រូវរំសាយបរមាណូ ​និងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ស៊ីជម្រៅ​ ជាមួយកូរ៉េខាងជើង ដែលជាមូលដ្ឋានគ្រឹះ​នៃសន្តិភាព ឧបទ្វីបកូរ៉េ​៕


ចែករំលែក៖