ខេត្តបន្ទាយមានជ័យ៖ រយៈពេល២ថ្ងៃ នៅថ្ងៃទី១៥ និង១៦ ខែសីហានេះ ជនរបរទេសជិត៣០០នាក់ ដែលសម្ងំធ្វើការងារគ្មានសៀវភៅការងារ នៅក្រុងប៉ោយប៉ែត ត្រូវក្រុមការងារចម្រុះចល័តលើការងារអធិការកិច្ច ហត្ថពលកម្មបរទេស ចុះពិនិត្យផាកវិន័យ ដែលនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ កំពុងតែបន្តការងារត្រួតពិនិត្យ នៅអគារចុងស្រល់ ក្រុមហ៊ុនកាស៊ីណូ ហ្គោឌិនក្រោន នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ។
ក្រុមការងារចម្រុះចល័តនេះ និងចុះពិនិត្យលើប័ណ្ណ រួមទាំងសៀវភៅការងារជនបរទេស តាមសហគ្រាស គ្រឹៈស្ថាន កាស៊ីណូ ក្តឹមកំសាន្ត អាជីវកម្មរណប អាជីវកម្មពុំមាននាមករណ៍ អាជីវកម្មពេលរាត្រី អាជីវកម្មចល័ត អាជីវកម្មលើផ្ទៃទឹក និងអាជីវកម្មផ្សេងៗទៀតទូទាំង២៥រាជធានី/ខេត្ត ។ ក្រុមការងារចម្រុះចល័តនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ចុង សុវណ្ណនី អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យពលករបរទេស ដែលប្រើប្រាស់ Visa E, ប័ណ្ណការងារ, ពលករបរទេសដែល ទើបចូលមកធ្វើការនៅកម្ពុជា និងពលករបរទេស ដែលគ្មានប័ណ្ណការងារ ដើម្បីផាកពិន័យ ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ការចុះប្រត្តិបត្តិការត្រួតពិនិត្យរយៈពេលមួយថ្ងៃម្សិលមិញ និងមកទល់និងរសៀលម៉ោង៣ថ្ងៃទី១៦ ខែសីហានេះ គឺបានចំនួន២៦០នាក់ហើយ ដែលពលករបរទេសទាំងនោះ មានប៉ាស្ព័រ និងវិសារការងារត្រឹមត្រូវ តែខ្វះប័ណ្ណការងារប៉ុណ្ណោះ ដែលពលករបរទេសទាំងនោះ មានជនជាតិចិន ជនជាតិឥណ្ឌូនេស៊ី និងជនជាតិថៃផងដែរ ។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា៖ ពលករបរទេសដែលពុំមានប័ណ្ណការងារនោះ ត្រូវបានក្រុមការងារចម្រុះចល័ត ផាកវិន័យ ជាថវិកា៥០ម៉ឺនរៀល និងទុកពេលឲ្យពលករបរទេសទាំងនោះរយៈពេល១ខែ ដើម្បីធ្វើបណ្ណការងារ បើលើសពី១ខែនិងផាកវិន័យជាបន្តទៀត ហើយការធ្វើប័ណ្ណការងារនេះមានសុពលភាព១ឆ្នាំ គឺពលករបរទេសទាំងនោះ អាចធ្វើតាមរយៈក្រុមហ៊ុនដែលខ្លួន កំពុងធ្វើការ ៕ វណ្ណា