ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាបុកបញ្ច្រាសម៉ូតូស្កូបពីរបួសមនុស្ស២នាក់ សន្លប់ស្ដូកនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ម៉ូតូ២គ្រឿងបានបុកបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលឲ្យបុរស២នាក់ រងរបួសធ្ងន់ស្រាលបង្កការភ្ញាក់ផ្អើលតែម្ដង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រ លេខ១៦៤ និង១៦៥ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា អ្នកបើកបរម៉ូតូបង្កហេតុមិនប្រកាន់ស្ដាំ មានឈ្មោះ ភោគ លឿន អាយុ៥៣ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ 1B០៣២៦ ខូចខាតយ៉ាងដំណំ ។

ចំណែកអ្នករងគ្រោះម្ខាងទៀត មានឈ្មោះ ចាន់ ចំរើន អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្តមានទីលំនៅភូមិស្វាយតាយានឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១B០៣២៦ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចមិនប្រកាន់ស្ដាំ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បុកប៉ះនឹងម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌សស្លាកលេខស្វាយរៀង ១M៥៧១២ ដែលធ្វើដំណើរពីលិចទៅកើតបញ្ច្រាសគ្នាពេញទំហឹងតែម្ដង ។

ក្រោយមក អ្នករងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម រីឯមធ្យោបាយធ្វើដំណើរទាំង២គ្រឿង អូសយកមករក្សាទុកនៅប៉ុស្តី៍នគរបាលរដ្ឋបាលបាវិតដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖