ភ្នំពេញ៖ ប្រតិភូមូលនិធិក្រសួងសាសនា របស់ប្រទេសទួកគី Turkiye Diyanet Foundation (TDV) ដឹកនាំដោយលោក IBRAHIM JAIHANN បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ក្នុងគោលបំណង ពង្រឹង ពង្រីកកិច្ចសហប្រតិបត្ដិការ ផ្នែកវប្បធម៌ ទេសចរណ៏ អប់រំ និងសេដ្ឋកិច្ច ឲ្យកាន់តែរឹងមាំថែមទៀត ។ ជំនួបនេះ នៅការិយាល័យ អង្គការមូលនិធិអភិវឌ្ឍន៏មុស្លីមកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា លោក ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណ ចំពោះមូលនិធិ Turkiye Diyanet Foundation ដែលជារៀងរាល់ឆ្នាំតែងតែផ្ដល់ការយកចិត្តទុកដាក់ និងឧបត្ថម្ភដល់ប្រជាជនកម្ពុជា លើគ្រប់វិស័យ ។ នេះគឺជាការចូលរួមចំណែកដ៏សំខាន់មួយជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដោះបន្ទុកខ្លះៗដល់បងប្អូនដែលមានការលំបាក ហើយសកម្មភាពនេះទៀតសោត ក៏ជាសក្ខីភាពនៃការចែករំលែក ដែលបញ្ជាក់ពីភាតរភាពក្នុងនាមសាសនិកស្លាម និងក្នុងនាមមនុស្សជាតិនៅក្នុងពិភពលោក ។
លោកបន្តថា៖ ក្នុងនាមប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា លោកមានការគាំទ្រ និងសហការជានិច្ច ជាមួយមូលនិធិ Turkiye Diyanet Foundation បន្តទៀត លើការងារមនុស្សធម៌ និងការងារផ្សេងៗទៀត ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ក្នុងការឆ្លើយតប និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល មកលើសហគមន៍ឥស្លាមនៅកម្ពុជាដែលមានចំនួនប្រមាណ ៥ភាគរយ ។
លោក អូស្មាន ហាស្សាន់ បានរំលឹកថា៖ ក្នុងរដូវបុណ្យហាជ្ជីឆ្នាំនេះ មូលនិធិ Turkiye Diyanet Foundation បានផ្ដល់សាច់គោចំនួន៣០០ ក្បាល ដល់ប្រជាសហគមន៍ឥស្លាមចំនួន ១៩ រាជធានី-ខេត្តទូទាំងប្រទេស ដែលមានប្រជាជនជាង ១១០០០ គ្រួសារបានទទួលសាច់គោនេះ ហើយឆ្នាំនេះគឺជាឆ្នាំទី ៧ ហើយ ដែលអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានសហការជាមួយមូលនិធិ Turkiye Diyanet Foundation (TDV) ប្រទេសតួកគី លើការងារមនុស្សធម៌នៅកម្ពុជា ។
ក្រៅពីការងារមនុស្សធម៌ផ្នែកម្ហូបអាហារ អង្គការដៃគូទាំងពីរក៏បានចុះកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នាជាង ៥ ឆ្នាំមកហើយ ដែលសហការគ្នាលើវិស័យវប្បធម៌ អប់រំ ក្នុងនោះមានការសាងសង់សាលារៀន និងការផ្តល់អារហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសតួកគី ទាំងថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យដែលជាការផ្ដល់អាហារូបករណ៍ ១០០ ភាគរយ ទាំងការស្នាក់នៅ ហូបចុក និងបង់ថ្លៃសាលាដោយមូលនិធិ Turkiye Diyanet Founda tion ដែលកន្លងមកមាននិស្សិតកម្ពុជាចំនួន ៨១ នាក់ហើយ ដែលកំពុងបន្តការសិក្សានៅប្រទេសតួកគី៕ សំរិត