ភ្នំពេញ៖ ទីបំផុតបុរសដែលជេរប្រមាថ លើប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា នោះ បានចេញមុខ និងសុខចិត្តសុំទោសជាសាធារណៈហើយ ។ ក្រោយចេញមុខសុំទោសប្រធានសមាគមសិល្បករខ្មែររូបនេះបានសម្រេចចិត្តដកពាក្យបណ្តឹង និងទទួលយកការសុំទោសមួយនេះ ។
ក្រោយពីជំនួបដោយផ្ទាល់តទស់មុខគ្នាកាលពីថ្ងៃទី១៦ ខែសីហា នេះរវាង បុរសឈ្មោះ អ៊ូច រិទ្ធី និងអ្នកនាងចន ច័ន្ទលក្ខិណា បានធ្វើការសម្របសម្រួលគ្នាដោយភាគីបង្កបានសម្រេចចិត្តធ្វើការសុំទោសជាសាធារណៈ ។ បុរសឈ្មោះ អ៊ូច រិទ្ធី បានលើកឡើងថា ការដែលលោកបានចូលទៅ Comment លើហ្វេសប៊ុកអ្នកនាងចន ច័ន្ទលក្ខិណា ថា ជាស្រីផិតប្តី នោះគឺដោយសារលោកស្រវឹង និងមានបញ្ហាផ្ទាល់ខ្លួនក្នុងគ្រួសាររួមទាំងសតិមិនសូវប្រក្រតី ។ ទោះជាហេតុផលដែលអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនថាពិបាកនឹងទទួលយក ប៉ុន្តែអ្នកនាង ចន ច័ន្ទលក្ខិណា រួមទាំងគូស្នេហ៍លោក ហេង ឡុង សម្រេចចិត្តទទួលយកការសុំទោសនោះដើម្បីបញ្ចប់រឿងកុំឲ្យវែងឆ្ងាយ ។ ក្រៅពីការសុំទោសបុរសនោះក៏បានបញ្ជាក់ដែរថា រូបលោកមិនមែនជាមន្ត្រីទាហ៊ានណាម្នាក់ឡើយពោលគឺលោកបានបញ្ចប់ការងារនោះរយៈពេល៥ឆ្នាំមកហើយ ដូចនេះសូមកុំមានការយល់ច្រឡំ ។
គួរបញ្ជាក់ដែរថា មានការភ្ញាក់ផ្អើលខ្លាំងកាលពីរាត្រីថ្ងៃទី១៤ ខែសីហានេះ ក្រោយពី អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុករបស់នាងជុំវិញបុរស ម្នាក់បានធ្វើការប្រមាថ នាងចំៗថាស្រីផិតប្តី និងជេនាងតាមការ Call វីដេអូផងដែរ ។ តារាស្រីរូបនេះបានសម្រេចចិត្តប្តឹងលើបុរសនោះជាផ្លូវការហើយ ហើយនាងស្នើឲ្យមានការស្វែងរកយុត្តិធម៌មួយសម្រាប់ការមាក់ងាយមួយនេះ៕ វឌ្ឍនា