ព័ត៌មានទាន់ហេតុការណ៍៖

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាច្រានចោលរូបភាពគ្មានការពិត និងអវិជ្ជមានរបស់អង្គការលីកាដូ និង សមាគមធាងត្នោត

ចែករំលែក៖

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្តុកម្ពុជា (CMA) បានប្រកាសអំពី ការត្រួតពិនិត្យជាបឋមទៅលើរបាយការណ៍របស់អង្គការ លីកាដូ និងសមាគមធាងត្នោត ក្រោមចំណងជើងថា «ការធ្វើឲ្យខូចខាតទ្រព្យដាក់បញ្ចាំ» ចេញផ្សាយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ហើយរបាយការណ៍នេះជាការមួលបង្កាច់ទាំងស្រុងទៅលើការអនុវត្តន៍ការផ្តល់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) នៅកម្ពុជា។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សូមទាមទារឲ្យអ្នកសរសេររបាយការណ៍នេះ សហការជាមួយនឹងសមាគម ក្នុងគោលបំណងផ្តល់នូវរូបភាពពេញលេញ អំពីការពិតនៃការផ្តល់កម្ចីនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។

របាយការណ៍ក្នុងទម្រង់បច្ចុប្បន្ន បង្ហាញអំពីរូបភាពអវិជ្ជមានយ៉ាងខ្លាំងចំពោះការផ្តល់កម្ចីមីក្រូហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់សំណាកគម្រូ (Sample) ដ៏តូចមួយដែលមានរូបភាពអ្នកខ្ចីប្រាក់អាណាមឹក ដើម្បីមួលបង្កាច់វិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ក្នុងរូបភាពគ្មានការពិត និងអវិជ្ជមាន។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ពិតជាចង់ស្វែងយល់ការពិតយ៉ាងខ្លាំងលើរបាយការណ៍នេះ ហើយយើងខ្ញុំបានធ្វើការងារជាមួយនឹងសមាជិកសមាគមដើម្បីព្យាយាមធ្វើការស៊ើបអង្កេតទៅលើសាវតានៃករណីសិក្សាមួយក្តាប់តូចដែលបានយកមកបង្ហាញក្នុងរបាយការណ៍នេះ ដែលចេញពីលទ្ធផលអវិជ្ជមានពីសំណាកគម្រូមួយក្រុមតូចប៉ុណ្ណោះ។ ជាងនេះទៅទៀត ដោយសាររបាយការណ៍នេះ បានប្រើប្រាស់ប្រភពអាណាមឹក នៅក្នុងករណីសិក្សារបស់ខ្លួន យើងខ្ញុំពុំអាចរកឃើញនឹងស្វែងយល់អំពីស្ថានភាពផ្សេងៗដែលនៅពីក្រោយខ្នងនៃប្រវត្តិកម្ចីរបស់អ្នកខ្ចីប្រាក់អាណាមឹកទាំងនោះឡើយ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដែលតំណាងឲ្យវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាទាំងមូល បានអនុវត្តសេចក្តីណែនាំដ៏តឹងរ៉ឹង ដែលបានបង្កើតឡើង ដើម្បីជៀសវាងករណីមិនល្អណាមួយ ហើយយើងខ្ញុំក៏បានតាមដានជាប្រចាំ លើការអនុវត្តន៍ការផ្តល់កម្ចី ដើម្បីការពារប្រឆាំងនឹងការអនុវត្តន៍ដែលខ្វះក្រមសីលធម៌វិជ្ជាជីវៈ។អាស្រ័យហេតុនេះ សមាគមស្នើឲ្យជម្រុញនឹងទាមទារឲ្យអ្នកសរសេររបាយការណ៍នេះផ្តល់នូវសេចក្តីលម្អិតនៃរបាយការណ៍ដល់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាលើករណីសិក្សាទាំងនោះ ដើម្បីឲ្យសមាជិកសមាគមស្វែងយល់ឲ្យបានកាន់តែច្បាស់ពីភាពត្រឹមត្រូវទៅលើសាវតានៃរបាយការណ៍នេះ៕ វឌ្ឍនា


ចែករំលែក៖