ព័ត៌មានទាន់ហេតុការណ៍៖

ព្រះចៅអធិការវត្ដមួយអង្គ ធ្វើឃាតមនុស្សដើម្បីបញ្ចប់បំណុល រឿងខ្ចីប្រាក់លេងឆ្នោត និងឲ្យស្រីស្នេហ៍

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ព្រះចៅអធិការមួយអង្គ និងបក្ខពួកចំនួនពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ សង្ស័យអំពើឃាតកម្មគិតទុកជាមុន ទៅលើបុរសវ័យចំណាស់ម្នាក់ ជាអ្នករត់ម៉ូតូឌុប ។

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលខេត្តឧត្ដរមានជ័យដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រីឡឹក សុខា ស្នងការរងស្នងការដ្ឋាន នគរបាលខេត្តឧត្ដរមានជ័យ បានស្រាវជ្រាវលើករណីអំពើឃាតកម្មគិតទុកជាមុន ១ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ជាព្រះចៅអធិការវត្ដម្នាក់ និងបក្ខពួកនៅចំណុច នៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទី១- ឈ្មោះ ឆាយ ឡុង ហៅជ្រក់ ភេទប្រុស អាយុ២៧ ឆ្នាំ ជាចៅអធិការវត្តបុរីព្រៃជុំ ហៅវត្តដីថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វេង ។ ២- ឈ្មោះ អ៊ុយ ឡូ ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងបន្តថា ជនសង្ស័យទាំង០២ នាក់ ខាងលើបានសាភាពថា÷ ខ្លួនពិតជា បានធ្វើសកម្មភាពសម្លាប់ទៅលើជនរងគ្រោះដោយយកញញួរវាយក្បាល និងកញ្ចឹងក ជនរងគ្រោះជាអ្នករត់ម៉ូតូឌុប ម្នាក់ ឈ្មោះ ផាត់ ហាត់ ភេទប្រុស អាយុ៦៨ ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង បណ្តាលឲ្យស្លាប់ពិតប្រាកដមែន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៥-០០ នាទី នៅចំណុចក្នុងព្រៃ ផ្លូវចូលភូមិប្រលាន ឃុំ-ស្រុកអន្លង់វែង ក្រោយពីសម្លាប់រួចហើយ បានយកម៉ូតូជនរងគ្រោះមកលាក់ទុកនៅក្នុងព្រៃក្បែរផ្លូវហាយវ៉េ ចំណុចខាងត្បូងស្ពានថ្ម ចម្ងាយ១៦៥ ម៉ែត្រ ស្ថិតនៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ។

ដោយសមត្ថកិច្ចបានរកម៉ូតូឃើញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ បន្ទាប់ពីកំណត់មុខសញ្ញាបានហើយ បាននាំជនសង្ស័យទៅបង្ហាញសាកសព នៅវេលាម៉ោង ១៥-០០ នាទីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដោយសភាពសពហើមរលួយ ។

មូលហេតុករណីអំពើឃាតកម្មខាងលើនេះ ផ្តើមចេញពីព្រះសង្ឃឲ្យជនរងគ្រោះ ចាក់ឆ្នោតអស់ប្រាក់សរុបចំនួនន ៣០,០០០,០០០ រៀល (សាមសិបលានរៀល)​ ហើយនៅជំពាក់ជនរងគ្រោះ ១៧, ០០០,០០០ រៀល(ដប់ប្រាំពីលានរៀលទៀត)​ ពេលជនរងគ្រោះទៅទារប្រាក់មិនមានប្រាក់សងវិញ និងព្រះសង្ឃមានស្រីញី ទៀត ក៏បែកគំនិតរៀបចំគម្រោងសម្លាប់តែម្តង ។

ជនសង្ស័យជាព្រះសង្ឃត្រូវបាន ខាងធម្មការស្រុក និងព្រះអនុគណស្រុក បានធ្វើពិធីផ្សឹកទៅតាមប្រពៃណីសាសនា ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមច្បាប់ ។

ដោយឡែកសាកសពសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ ប៉ែន នួន


ចែករំលែក៖