ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្ត្រាក់លាយឡំនឹងភ្លៀងផ្គររន្ទះបណ្ដាលឲ្យលិចទូក សំណាងល្អសមត្ថកិច្ចចុះសង្រ្គោះមនុស្សទាន់ពេលវេលា

ចែករំលែក៖

ខេត្តសៀមរាប៖ បុរស២នាក់ជិះទូកស្មាច់ចេញពីកំពង់លក់ត្រី នៅក្នុងភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប កាលវេលាម៉ោង១៥និង២០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៩ ដើម្បីឆ្លងទន្លេ សាបសំដៅត្រឡប់ទៅផ្ទះវិញ នៅឯភូមិផាប់សណ្តោង ឃុំរាំងទិល ស្រុក កណ្តៀង ខេត្តពោធិសាត់ ពេលធ្វើដំណើរទៅដល់ចំណុច បង្គោលឡូត៍ លេខ៤ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ក៏មាន ភ្លៀងលាយខ្យល់កន្ត្រាក់បណ្តាលឲ្យទូកលិច ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍កម្លាំងនគរបាលក្រុងសៀមរាប និងកម្លាំងប្រជាការពារនៃគណៈបញ្ជាការឯកភាពក្រុងសៀមរាប ចេញជួយសង្គ្រោះមនុស្ស និងនាំមកមណ្ឌលសុខភាពសង្កាត់ចុងឃ្នៀសវិញ ដោយសុវត្ថិភាព ។

ជនរងគ្រោះទី ១ /ឈ្មោះ ជា ប៊ុនសេង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិផាប់ សណ្តោង ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់ ។ ទី ២/ ឈ្មោះ សុខ ថាវ ភេទប្រុស អាយុ៣០ឆ្នាំ (មានទីលំនៅដូចគ្នា ) ។ ចំណែកទូកដែលលិចនោះមិនទាន់ត្រូវបានរកឃើញនៅឡើយទេ ដោយសារស្ថានភាពយប់ងងឹត ៕ប៊ុនរិទ្ធី


ចែករំលែក៖