ប៉ោយប៉ែត៖ សេចក្តីរាយការណ៍ពីអ្នកសារព័ត៌មានថៃប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតួរីស ដឹកអ្នកដំណើរ បានបុកជាមួយរថយន្តសណ្តោង បណ្ដាលឲ្យមានមនុស្សស្លាប់នៅកន្លែងកើតហេតុ ចំនួន១១នាក់ និងរងរបួសធ្ងន់ចំនួន ៤នាក់ កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវលេខ៣១៧ ទល់មុខសាលាស្រុកវាងសុំប៊ូន ស្ថិតក្នុងខេត្តស្រះកែវ ប្រទេសថៃ ។
យោងតាមរបាយការណ៍ពីភ្នាក់ងារសង្គ្រោះខេត្តស្រះកែវ និងព័ត៌មានថៃបានឲ្យដឹងថា ក្នុងករណីមានជនរងគ្រោះរងរបួសធ្ងន់ចំនួន ៤នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ វាងណាមយ៉េន និង ខៅឆាក់កាន់ ។ សមត្ថកិច្ចថៃនៅមិនទាន់បង្ហាញអត្តសញ្ញាណជនរងគ្រោះបានដឹងនៅឡើយទេ ។
របាយការណ៍បន្ថែមថា រថយន្តដែលដឹកអ្នកដំណើរនោះ មានមនុស្សជិះចំនួន១៤នាក់ ជាជនជាតិឡាវ ក្នុងនោះមានជនជាតិថៃម្នាក់ ជាអ្នកបើកបរ សរុបចំនួន១៤នាក់ ស្លាប់ចំនួន១១នាក់ ប្រុស៥នាក់ ចំណែកស្រីចំនួន៦នាក់ រងរបួសធ្ងន់ស្រាលចំនួន៤នាក់ រួមទាំងតៃកុងរថយន្តផងដែរ ។ ប្រភពបញ្ជាក់ថា ករណីគ្តោះថ្នាក់ចរាចរណ៍ខាងលើនោះ ពុំមានពលករខ្មែរនោះឡើយ ៕ វណ្ណា