ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះការតវ៉ាពីបុគ្គលិកមណ្ឌលថែទាំកុមារ “សុវណ្ណកុមារកម្ពុជា” ជាង២០នាក់ បន្ទាប់ពីត្រូវបានបណ្តេញពីការងារដោយគ្មានមូលហេតុច្បាស់លាស់

ចែករំលែក៖

ភ្នំពេញ៖ ការតវ៉ារបស់ពួកគេនេះ បានធ្វើឡើងតាមផ្លូវច្បាប់ទៅដល់ក្រុមមេធាវីការពារក្តីហើយ បន្ទាប់ពីពួកគេប្រមាណជាង៣០នាក់ត្រូវបានគេបញ្ឈប់ពីការងារកាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅថ្មីៗនេះ ។ ក៏ប៉ុន្តែមានបុគ្គលិកតែប្រមាណជាង២០នាក់ប៉ុណ្ណោះបានបង្ហាញមុខនៅសន្និសីទសារព័ត៌មានមួយកន្លែងក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី១៨ ខែសីហា ម្សិលមិញនេះ ។

មណ្ឌលថែទាំងកុមារ “សុវណ្ណកុមារកម្ពុជា” មានទីតាំងតាមបណ្តាយផ្លូវជាតិលេខ១ ភូមិក្តីតាកុយ សង្កាតវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ មជ្ឈមណ្ឌលនេះមានកុមារប្រមាណជាង៥០នាក់កំពុងស្នាក់នៅនាពេលបច្ចុប្បន្ន ហើយបានចុះអនុស្សរណៈនៅក្រសួងការបរទេសកាលពីកំឡុងខែមករាឆ្នាំ២០០៤ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅសន្និសីទសារព័ត៌មាន នេះ លោកហុច ឌិនហួរ ទីប្រឹក្សាច្បាប់និងជានាយកចាត់ការនិងរដ្ឋបាលនៃការិយាល័យមេធាវីយុត្តិធម៌និងសហការី បានបញ្ជាក់ថាលោកបានទទួលពាក្យបណ្តឹងពីតំណាង១៤រូបសុំអន្តាគមន៍ជួយដល់ជនរងគ្រោះជាង៣០នាក់ដែលបានបណ្តេញពីការងារនៅមណ្ឌលថែទាំកុមារ “សុវណ្ណកុមារកម្ពុជា” ទាំងរំលោភបំពានពីសំណាក់ឈ្មោះប្រេត ហ្គោដុន BRAD GORDON ភេទប្រុស អាយុ២៧ឆ្នាំជាមេធាវី ជនជាតិអាមេរិក។

លោកហុច ឌិនហួរ បានអះអាងថា ក្រុមមេធាវីការពារក្តីកំពុងសិក្សាលើសំណុំរឿងនេះតាមផ្លូវច្បាប់ហើយ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ។ លោកបន្តថា មណ្ឌលថែទាំងកុមារនេះមានម្ចាស់មូលនិធិឈ្មោះ Elizabath Johnson ជាអ្នកឧបត្ថម្ភទាំងថវិកានិងសម្ភារៈតាំងពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧ តែលោកស្រី Elizabath Johnson បានទទួលមរណភាពកាលពីកំឡុងឆ្នាំ២០១៧ ហើយលោក សុធា អរុណ ជាប្រធានមជ្ឈមណ្ឌលនេះរហូតដល់ពេលបច្ចុប្បន្ននេះក្នុងចំណោមជនរងគ្រោះទាំងនោះផងដែរ។

លោកនូ សុវត្ថិ អាយុ៤៦ឆ្នាំ ជាជនរងគ្រោះដោយការបណ្តេញចេញគ្មានមូលហេតុច្បាស់លាស់ បានបញ្ជាក់ថា ការមកជួបជុំគ្នានេះ ដើម្បីស្វែងរកដំណោះស្រាយ ផ្លូវច្បាប់សមរម្យចំពោះការបណ្តេញចេញបែបបង្ខំដោយជនបរទេសមកលើបុគ្គលិកខ្មែរជាង៣០នាក់មិនមែនសំណងនិងមិនមានលិខិតស្នាមអ្វីទាំងអស់។

ចំណែកលោក ហ៊ុន សារ៉ាត់ អាយុ៣៨ឆ្នាំ បានថ្លែងថា ការបណ្តេញបុគ្គលិកចេញដោយគ្មានមូលហេតុអ្វីទាំងអស់ គឺជាការរំលោភសិទ្ធិរបស់ពួកគាត់ ។ លោកបន្តថា “គេមិនបានប្រាប់អ្វីដល់ពួកយើងសោះ ស្រាប់តែមកបង្ខំឲ្យចេញ ។ តើពួកយើងមានកំហុសអ្វីដែរ”?។ លោកបន្តថា “គេនិយាយចាំទូទាត់ប្រាក់អតីតភាពការងារ តែយើងចង់រក្សាការងារដដែលមិនចង់បាត់បង់ការងារឬបាត់បង់កន្លែងការងារនេះទេ”។

ទោះបីយ៉ាងណា ក្រុមអ្នកសារព័ត៌មានមិនទាន់អាចស្វែងរកការបំភ្លឺពីលោកប្រេត ហ្គោដុនBRAD GORDON ដែលតាមជនរងគ្រោះថាគាត់គឺជាមេធាវីបានបណ្តេញបុគ្គលិកជាង៣០នាក់ចេញពីការងារនោះបាននៅឡើយទេ ហើយក្រុមអ្នកសារព័ត៌មានរង់ចាំការបំភ្លឺពីលោកប្រេត ហ្គោដុន BRAD GORDON ជានិច្ចចំពោះការលើកឡើងរបស់ជនរងគ្រោះ ៕ ចេស្តា


ចែករំលែក៖