ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសជិះកង់បត់ចូលផ្ទះ មិនប្រយ័ត្ន ត្រូវម៉ូតូមកពីក្រោយបុករបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់រងរបួសបែកក្បាលសន្លប់ស្ដូកនឹងកន្លែង ខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ រវាងក្មេងប្រុសជិះកង់ស្របគ្នា ហើយបត់ឆ្វេងខ្វះប្រុងប្រយ័ត្នត្រូវម៉ូតូជិះមកពីក្រោយ បុកពេញទំហឹង កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃអាទិត្យ ៣រោជ ខែស្រាពណ៍ ឆ្នាំកុរ ឯកសកព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ លើផ្លូជាតិលេខ៣១៤D (ចន្លោះគីឡូម៉ែត្រលេខ៩និងលេខ១០) ស្ថិតក្នុងភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីរងរបួសធ្ងន់មានឈ្មោះ សុក វណ្ណា អាយុ២៨ឆ្នាំ មានទីលំ នៅភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទ៍ ជិះម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកស្វាយរៀង ១k៩៨៦៦ ខូចខាតយ៉ាងដំណំ ។ ចំណែកក្មេងប្រុស ដែលជិះកង់បត់ឆ្វេងខ្វះប្រុងប្រយ័ត្ន មានឈ្មោះ វ៉ាន់ សារុន ភេទប្រុសអាយុ៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ ឃុំកើតហេតុជាមួយគ្នា ។

បើតាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ មានក្មេងប្រុសម្នាក់បានជិះកង់មួយគ្រឿង ក្នុងទិសដៅពីរជើងមកត្បូង ហើយក៏បានបត់ឆ្វេងចូលផ្ទះ ខ្វះប្រុងប្រយ័ត្ន ក៏ត្រូវម៉ូតូមកពីក្រោយមួយគ្រឿង ជិះដោយស្ត្រីម្នាក់ ចាប់ហ្វ្រាំងមិនទាន់ ក៏បុកផ្ទប់ពេញទំហឹងបណ្ដាលឲ្យដួលច្រងាប់ច្រងឹល លើផ្លូវតែម្ដង ។

បច្ចុប្បន្នស្ត្រីរងរបួស ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយទាប ចំណែកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែង និងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំញរដើម្បីរង់ចាំដោះស្រាយតាមច្បាប់ពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖