ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាអស់កន្លះលីត្រ ព្រឹកឡើងគេប្រទះឃើញស្លាប់នៅក្បែរជណ្ដើរដោយសារធ្លាក់ពីលើអគារកំពុងសាងសង់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសជាកម្មករសំណង់ម្នាក់ ក្រោយពីសំរាកពីការងារ បាននាំគ្នាទិញស្រាផឹកចំនួនកន្លះលីត្រ លុះព្រឹកឡើង ត្រូវបានក្រុមការងារសំណង់ជាមួយគ្នា ប្រទះឃើញស្លាប់ក្បែរជណ្ដើរក្នុងការដ្ឋាន ដោយសារធ្លាក់ពីលើអគារកំពុងសាងសង់ ។ ករណីនេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្តាល ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ ជា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅ ភូមិកំពុងយ៉ន ឃុំកំពុងពោធិ ស្រុកបូរីជលសារ ខេត្តតាកែវ ។

ប្រភពដដែលបន្ដថា កន្លងមក ជនរងគ្រោះមកធ្វើការងារជាជាងសំណង់នៅក្នុងការដ្ឋាននេះ ជាយូរមកហើយ រហូតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ក្រោយពីសំរាកពីការងារ មកដល់វេលាម៉ោង២១និង៣០នាទី ជនរងគ្រោះបានផឹកស្រាថ្នាំ ជាមួយកម្មករម្នាក់នៅក្នុងការដ្ឋានសំណង់អស់ចំនួនកន្លះលីត្រ រួចក៏ចូលសំរាករៀងៗខ្លួនទៅ ។ លុះមកដល់ថ្ងៃទី២០ ខែឆ្នាំដដែល វេលាម៉ោង៦ព្រឹក មានកម្មករដែលធ្វើការជាមួយគ្នា បានហៅរកហៅជនរងគ្រោះផឹកកាហ្វេដូចសព្វមួយដង ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅចន្លោះជណ្តើរ នៅក្នុងការដ្ឋាន ក៏ផ្អើលឆោឡោ ទាំងព្រឹក ប្រាប់មេការ និងរាយការណ៏ទៅនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើការពិនិត្យ ។

បន្ទាប់ពីកម្លាំងនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏រាយការណ៍បន្ដទៅនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះមកពិនិត្យ ធ្វើកោសល្យវិច្ច័យ ដោយបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ពីលើអគារពិតប្រាកដមែន ។បន្ទាប់ពីធ្វើការពិនិត្យរួច សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖