ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងការពារជាតិ ៖ ធនធានមនុស្សត្រូវបានបំផ្លាញស្ទើរគ្មានសល់នៅក្នុងរបបវាលពិឃាដ ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩

ចែករំលែក៖

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា ធនធានមនុស្សត្រូវបានបំផ្លាញស្ទើរគ្មានសល់នៅក្នុងរបបវាលពិឃាដ ហើយយើងស្ទើរតែមិនអាចរកអ្នកចេះដឹងបាន ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩។ នេះគឺជាឧបសគ្គដ៏ធំមួយដែលយើងបានជួបប្រទះ នៅក្នុងដំណើរការនៃការអភិវឌ្ឍប្រទេស ព្រោះធនធានមនុស្សជាកត្តាចាំបាច់បំផុតមិនអាចខ្វះបាន។

លោក ទៀ បាញ់ សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២០ ខែសីហា នេះ ថា “ដោយមើលឃើញពីភាពចាំបាច់នេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីកសាងធនធានមនុស្ស។ ជាលទ្ធផល សាលារៀនរាប់ម៉ឺនខ្នងត្រូវបានជួសជុលនិងកសាងឡើង គ្រឹះស្ថានអប់រំសម្រាប់ថ្នាក់ឧត្តមសិក្សានិងក្រោយឧត្តមសិក្សារាប់រយត្រូវបានបង្កើតឡើង ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលសិស្ស និស្សិតរបស់យើង”។

លោក បន្តថា មិនតែប៉ុណ្ណោះ និស្សិតរបស់យើងរាប់ពាន់នាក់ បានទទួលការបណ្តុះបណ្តាលថ្នាក់ បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិត ពីបរទេសថែមទៀតផង។ ការរីកចម្រើនផ្នែកធនធានមនុស្សរបស់កម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិនបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់មកវិនិយោគក្នុងប្រទេស នាអំឡុងពីរទសវត្សរ៍ចុងក្រោយនេះ ដែលបានធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនគួរជាទីមោទនៈ ៕ ចេស្តា


ចែករំលែក៖