ព័ត៌មានទាន់ហេតុការណ៍៖

កុមារ៥នាក់បងប្អូន, ឪពុកស្លាប់, ម្តាយរត់ចោល ទទួលអំណោយសប្បុរសធម៌ពីកាកបាទក្រហមខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោកសាយ ប្រលឹង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា និងលោកថាវ ប៊ុនថេន អភិបាលរងក្រុង ដឹកនាំក្រុមការងារនាំអំណោយកាកបាទក្រហមកម្ពុជាខេត្ត រួមនឹងអំណោយសប្បុរសជនរបស់ក្រុមការងារក្រុង មកចែកជូនដល់កុមារកំព្រាទាំង៥នាក់តូចៗ ដែលឪពុកស្លាប់ចោល ត្រូវម្តាយរត់ចោលបាត់ ជាច្រើនថ្ងៃ គ្មានទីពឹង គ្មានសាច់ញាតិ រស់នៅជាមួយអ្នកជិតខាង ជួបការលំបាក ដោយមិនទុកចោល ឲ្យនរណាម្នាក់កំព្រា ដាច់បាយស្លាប់នោះទេ ស្របតាមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចអូរពងមាន់ ភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

លោកសាយ ប្រលឹង បានមានប្រសាសន៍ថាៈ លោកបានយកអំណោយកាកបាទក្រហមកម្ពុជារបស់ខេត្ត មានដូចជាអង្ករ ៥០គីឡូក្រាម កន្ទេល១ ត្រីខ១យួរ មី១កេះ ខោអាវ៤សម្រាប់ ថវិកា២០ម៉ីនរៀល និងអំណោយជាច្រើនផ្សេងទៀត របស់សប្បុរសជនក្នុងសាលាក្រុងស្ទឹងត្រែង មានដូចជាខោអាវ៥សម្រាប់ ទឹកដោះគោ៥យួរ និង២១កំប៉ុងទៀត ថវិកា រួម១៤ម៉ីនរៀលបន្ថែមទៀត សរុប៣៤ម៉ីនរៀល ។

លោកបន្តថា លោកនឹងរាយការណ៍ជូនលោកអភិបាលខេត្ត និងពិភាក្សាជាមួយក្រុមការងារខេត្តបន្តទៀតក្នុងបញ្ហានេះ ព្រោះក្មេងទាំងប្រាំនាក់នេះប្រុស៤នាក់ ស្រីម្នាក់ ទី១.ឈ្មោះសល់ ម៉េងហ៊ួ អាយុ១២ឆ្នាំ ភេទប្រុស ទី២.ឈ្មោះ សល់ ម៉េងហេង អាយុ៨ឆ្នាំ ភេទប្រុស ទី៣.ឈ្មោះ សល់ ម៉េងហួយ អាយុ៧ឆ្នាំ ភេទស្រី អាច យកឲ្យចូលរៀនបាន ចំណែកពីអ្នកតូចៗ អាចទុកផ្ញើនឹងអ្នកមើលថែសិន ចាំលោកឲ្យក្រុមការងារ ចុះតាមដាន និងជួយថវិកា និងជួយទឹកដោះគោបន្ថែមតាមក្រោយ ៕ មាស សុផាត

 


ចែករំលែក៖