ខេត្តបន្ទាយមានជ័យ៖ កម្លាំងចម្រុះខេត្តបន្ទាយមានជ័យរួមមាន មន្ទីរជុំវិញខេត្តដូចជា មន្ទីរពាណិជ្ជកម្ម មន្ទីរវប្បធម៌ និងវិចិត្រសិល្ប: មន្ទីរព័ត៌មាន និងអាជ្ញាធរដែនដីក្រុងប៉ោយប៉ែត បានចុះអនុវត្តច្បាប់ និងពន្យល់ណែនាំច្បាប់នៃការធ្វើពាណិជ្ជកម្មរបស់ជនបរទេសលើទឹកដីខ្មែរ បន្ទាប់ពីឃើញជនបរទេសមួយចំនួន បានបំពាននិងមិនគោរពតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។
ប្រតិបត្តិការរបស់កម្លាំងចម្រុះបានធ្វើឡើងនៅព្រឹក ថ្ងៃ អង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៩ នៅក្រុងប៉ោយប៉ែត ដោយផ្តោតសំខាន់ទៅលើការចុះបញ្ជីសុំច្បាប់បើកអាជីវកម្មឬក្រុមហ៊ុន និងការលើកស្លាកយីហោដោយតម្រូវឲ្យម្ចាស់អាជីវកម្មបរទេសនោះត្រូវគោរពលក្ខខណ្ឌ៣យ៉ាង ទី១ អក្សរជាតិខ្មែរត្រូវធំជាងអក្សរបរទេស២ដង ទី២ ឈ្មោះហាងត្រូវមានន័យគ្រប់គ្រាន់ជាភាសាខ្មែរ និងមានសីលធម៌ ទី៣ ពាក្យជាភាសាខ្មែរត្រូវសរសេរឲ្យត្រូវតាមអក្ខរាវិរុទ្ធក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាត។
ប្រភពពីមន្រ្តីសាលាក្រុងប៉ោយប៉ែតបានឲ្យដឹងថា ប្រតិបត្តិការនេះបានរកឃើញស្លាកយីហោ របស់ហាងមួយចំនួន មិនមានភាពប្រក្រតីក្នុងការសរសេរភាសាបរទេសធំជាងអក្សរខ្មែរ សរសេរជាភាសាបរទេសសុទ្ធអត់មានអក្សរខ្មែរ និងសរសេរគ្មានន័យ ខុសអក្ខរាវិរុទ្ធទៀតផង ។ ពេលឃើញដូច្នេះកម្លាំងជំនាញ បានធ្វើការពន្យល់ណែនាំដល់ម្ចាស់ហាង ហើយក្រោយពីពន្យល់ណែនាំអាជីវករជាជនជាតិបរទេសជាម្ចាស់ហាងទាំងនោះយល់ព្រមធ្វើការកែប្រែឲ្យស្របតាមច្បាប់ប្រទេសកម្ពុជា និងសន្យានឹងផ្លាស់ប្តូរស្លាកយីហោដែលមិនត្រឹមត្រូវចោល និងបានអនុញ្ញាតឲ្យក្រុមការងារចម្រុះរុះរើស្លាកយីហោដែលសរសេរខុសចោលទៀតផង ៕ ប្រាថ្នា