ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន បានគេចពីរថយន្តមួយគ្រឿង ជ្រុលរួចហើយស្រាប់តែជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដួលបោកនឹងថ្នល់រងបួសជើងឆ្វេងម្ខាង ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៦១ កែងនឹងផ្លូវ១៤៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌលួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីម សង់ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1R-5477ធ្វើដំណើរតាមបណ្តោយផ្លូវ១៤៦ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនបានគេចពីរថយន្តមួុយគ្រឿងហើយបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រូសពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BB-0013 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២៦១ ទិសដៅពីត្បូងទៅជើងចំកាងខាងមុខចំហៀងខាងស្តាំពេញទំហឹងបណ្តាលម៉ូតូដួលជាប់នឹងរថយន្ត និងរងរបួសម្ចាស់ម៉ូតូជើងឆ្វេងម្ខាង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយភាគីទាំងសងខាងសូមសម្របសម្រួលគ្នាដោយខាងម៉ូតូ បានចេញសំណងចំនួន៤០ដុល្លារ ទៅឲ្យភាគីខាងរថយន្តដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ៕ សុខាសែនជ័យ