ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពចាប់ស្រីម្នាក់ ច្របាច់.ក និងវាយបំផ្លាញទ្រព្យសម្បត្តិរួចរត់ចូលទៅសម្ងំ ក្នុងផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពចាប់អុកស្រីម្នាក់ ច្របាច់.ក ហើយក៏រត់ចូលទៅសម្ងំបន្ទប់ ក្នុងផ្ទះប្រជាពលរដ្ឋ ដោយចាក់គន្លឹះទ្វារ ហើយវាយបំផ្លាញទ្រព្យសម្បត្តិគេ ។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង១១ យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខដីបឹងកក់ ផ្លូវចូលជិតមន្ទីរពេទ្យកាល់ម៉ែត ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនសង្ស័យ បានផ្លោះរបងចូល ក្នុងបរិវេណផ្ទះរបស់នារីរងគ្រោះ ដោយបានដើរសំដៅទៅបន្ទប់យាយរបស់នារីរងគ្រោះ ហើយគោះទ្វារ និងចាប់ទាញយាយរបស់នារីរងគ្រោះ ចេញមកក្រៅរួចចាក់គន្លឹះទ្វារជាប់ ។ បន្ទាប់មកបានវាយបំផ្លាញសម្ភារ:ផ្សេងៗ ក្នុងបន្ទប់ខូចខាតអស់ជាច្រើនផងដែរ ។

ខណ:នោះ យាយរបស់នារីរងគ្រោះ បានស្រែកឆោឡោហៅបងប្អូនកូនក្មួយឲ្យជួយគាត់ផង ព្រោះមានចោររត់ចូលក្នុងបន្ទប់គាត់ ក៏បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងស្រែកឆោឡោ មកជួយចាប់ តែជនសង្ស័យបានចាក់គន្លឹះទ្វារពីក្នុងជាប់ ទើបរាយការណ៍ប្រាប់កម្លាំងល្បាត ចុះមកជួយអន្តរាគមន៍ និងគាស់ទ្វារចូលចាប់ខ្លួនបាន ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលស្រះចក ដើម្បីសួរនាំចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖