ព័ត៌មានទាន់ហេតុការណ៍៖

ការសាកល្បងអាវុធមីស៊ីលរបស់អាមេរិក នឹងបង្កឲ្យមានសង្គ្រាម ត្រជាក់ជាថ្មីរវាងមហា​អំណាច អាមេរិក រុស្ស៊ី និងចិន​

ចែករំលែក៖

អាមេរិកបាកសាកល្បងមីស៊ីល ក្រោយការដកខ្លួនចេញពីសន្ធិសញ្ញាអាវុធ INF ​បង្កក្តី​បារម្ភយ៉ាងខ្លាំងពី ការប្រកួតប្រជែងអាវុធសាជាថ្មី ក៏ដូចជាជំរុញឲ្យមានសង្គ្រាម​ត្រជាក់កើតឡើង ។

សារព័ត៌ មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ មន្ត្រីជាន់ខ្ពស់នៃកងទ័ពសហរដ្ឋអាមេរិកលោក រីយ៉ាន ម៉ាកខាធី (Ryan D. McCarthy) បានឲ្យដឹងថា ក្រោយដកខ្លួនចេញពីសន្ធិសញ្ញាហាមឃាត់ ការរីកសាយនៃអាវុធនុយក្លេអ៊ែរ INF ឥឡូវទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលទៅលើការអភិវឌ្ឍ មីស៊ីលល្បឿនលឿនកម្រិត hypersonic (លឿនជាងល្បឿនសំឡេងចាប់ពី ០៥ដងឡើងទៅ) ដែលពីមុនគឺត្រូវបានហាមឃាត់ក្រោមសន្ធិសញ្ញា ។

ខណៈសន្ធិសញ្ញា INF បានផុតរលត់ទៅភ្លាម សហរដ្ឋអាមេរិកហាក់កំពុងដុតដៃដុតជើងជាខ្លាំង ក្នុងការអភិវឌ្ឍមីស៊ីលរបស់ខ្លួន ព្រោះកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ក្រសួងការពារជាតិអាមេរិកទើបតែបានសម្រេចជោគជ័យ ក្នុងការធ្វើតេស្តមីស៊ីលចង្អុល ទិសដៅមួយគ្រាប់ (Cruise Missile) ប្រភេទបាញ់ចេញពីផ្ទៃដី និងរត់បានចម្ងាយ ៥០០គីឡូម៉ែត្រ ដែលវាក៏ធ្លាប់ស្ថិតក្រោមការហាមប្រាមដោយ INF ដែរ ។ ពុំបានប៉ុន្មានថ្ងៃផង ឥឡូវនេះអាមេរិកក៏បង្ហើបប្រាប់ពីមហិច្ឆតា អភិវឌ្ឍន៍មីស៊ីលល្បឿនលឿនខ្លាំងថែមទៀត ។

ទាក់ទិនការធ្វើតេស្តមីស៊ីលចង្អុលទិសខាងលើ ប្រទេសចិនក៏បានបង្ហាញក្តីបារម្ភដែរថា សកម្មភាពរបស់អាមេរិក នឹងនាំឲ្យកើនឡើងភាពតានតឹងផ្នែកយោធា ហើយនឹងមានឥទ្ធិពលអវិជ្ជមានលើសន្តិសុខនៅក្នុងតំបន់ និងអន្តរជាតិ ។ ម៉្យាងវិញទៀតទង្វើបែបនេះ គឺជាការស្តែងឲ្យឃើញពីចេតនាពិតប្រាកដរបស់អាមេរិក ជុំវិញការបំផ្លាញសន្ធិសញ្ញា INF គឺដើម្បីតែអភិវឌ្ឍន៍មីស៊ីល-នុយក្លេអ៊ែរទំនើបៗជាងមុន ហើយពង្រឹងអំណាចយោធារបស់ខ្លួន ឲ្យខ្លាំងដាច់គេលើលោក ។

គួរជម្រាបថា សន្ធិសញ្ញា INF ដែលហាមឃាត់ការអភិវឌ្ឍ ការផលិត និងការដាក់ពង្រាយប្រើប្រាស់នូវមីស៊ីលប្រភេទបាញ់ពីដី ដែលអាចហោះបានចម្ងាយពី ៥០០-៥,៥០០គីឡូម៉ែត្រនោះ បានរលាយសាបសូន្យជាផ្លូវការកាលពីថ្ងៃទី០២ ខែសីហាកន្លងទៅ នេះ ក្រោយពីវាត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨៧ ។

នៅពេលនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងមូស្គូ​ បានព្រមានដល់អាមេរិក ថា ការបាញ់សាកល្បងមីស៊ីល រយៈចម្ងាយមធ្យមរបស់អាមេរិក នឹងជំរុញឲ្យមានភាពតានតឹង​ និងការប្រឈមមុខដាក់គ្នា ​​រវាងប្រទេសមហាអំណាចនានា នៅលើពិភពលោក​ ។

អ្នកនាំពាក្យក្រសួង​ការបរទេស​ចិន ​បានប្រកាស​ថា « ការបាញ់សាកល្បងមីស៊ីលរបស់អាមេរិក នឹងធ្វើឲ្យមានការប្រឈមមុខដាក់គ្នា​ផ្នែកយោធា ​ហើយវានឹងជះឥទ្ធិពលអាក្រក់​ដល់សន្តិសុខ​អន្តរជាតិ និងនៅក្នុងតំបន់ទាំងមូល » ។

ជាមួយគ្នានេះ ​សារព័ត៌មាន South China Morning Post បានផ្សាយថា សកម្មភាពរបស់អាមេរិក នឹងជំរុញឲ្យមានសង្គ្រាមត្រជាក់ផ្ទុះឡើងជាថ្មី រវាងប្រទេសមហាអំណាច ហើយសង្គ្រាមត្រជាក់លើកនេះ អាចអូសទាញចិន ឲ្យចូលទៅក្នុងសង្គ្រាមនោះផងដែរ​ ។

តាមប្រភពព័ត៌មានពី​មន្ទីរបញ្ចកោណ បានឲ្យដឹងថា មីស៊ីលដែល​អាមេរិក បានបាញ់សាកល្បង នាពេលកន្លងមក គឺជាប្រភេទមីស៊ីល អាច​វាយប្រហារ​នៅលើដែនគោកបានយ៉ាងល្អបំផុត ។ ប៉ុន្តែមីស៊ីលប្រភេទនេះ មិនមែនផលិតឡើង សម្រាប់ ដើម្បីបំពាក់ក្បាលគ្រាប់បរមាណូនោះឡើយ ៕


ចែករំលែក៖