ព័ត៌មានទាន់ហេតុការណ៍៖

តើវាសនា! អ្នកកាសែត និងភ្នាក់ងារផ្ដល់ព័ត៌មាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គេចផុតពីសំណាញ់ច្បាប់ដែរឬទេ ?

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពរាយការណ៍ពីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ថា អ្នកកាសែត និងភ្នាក់ងារផ្ដល់ព័ត៌មាននៃអគ្គស្នងការដ្ឋានបាលជាតិចំនួន ៤នាក់រួមទាំងប្រពន្ធម្នាក់ផងដែរនោះ កំពុងវិលវល់នៅការិយាល័យជំនាញព្រហ្មទណ្ឌ ក្នុងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធីនៅឡើយ ដែលជនសង្ស័យទាំងនេះជាប់ពាក់ព័ន្ធករណីឆបោក ដូច្នេះមហាជនកំពុងរង់ចាំមើលវាសនារបស់ពួកគាត់ តើអាចគេចផុតពីសំណាញ់ច្បាប់ឬយ៉ាងណា? ខណៈប្រភពលេចធ្លាយព័ត៌មានផ្សេងៗថា នេះជាទម្លាប់សម្រាប់ពួកគាត់ទៅហើយនោះ ។

គួររំលឹកផងដែរថា ជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឆបោកនេះ ទី១ ឈ្មោះ រ៉ូ រដ្ឋា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិរំចេក សង្កាត់រតនៈ ក្រុង.ខេត្តបាត់ដំបង មុខរបរ៖ ចាងហ្វាងការផ្សាយសារព័ត៌មាន គេហទំព័រ(NTC) និងជាភ្នាក់ងារផ្ដល់ព័ត៌មាននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ទី២ ឈ្មោះ ឯម សុវិសេដ្ឋ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់រតនៈ ក្រុង.ខេត្តបាត់ដំបង មុខរបរ៖ ចាងហ្វាងការផ្សាយសារព័ត៌មាន គេហទំព័រ(CPM) ទី៣ ឈ្មោះ ឯម សុវិសាល ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់រតនៈ ក្រុង.ខេត្តបាត់ដំបង មុខរបរ៖ ចាងហ្វាងការផ្សាយសារព័ត៌មាន(TNC) ទី៤ ឈ្មោះ ថុង គឹមងួន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិវត្តរំដួល សង្កាត់សំរោងភ្នំ ក្រុង.ខេត្តបាត់ដំបង មុខរបរ៖ ចាងហ្វាងការផ្សាយសារព័ត៌មាន គេហទំព័រ((PCN) និងស្រ្តីជាប្រពន្ធម្នាក់ផងដែរ ។

ជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឆបោក ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ស្ទាក់ឃាត់ចាប់នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចំណុចទល់មុខអធិការដ្ឋាននគរបាលស្រុកក្រគរតែម្ដង ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ តាមបញ្ជាលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ ក្រោយទទួលបណ្ដឹងរបស់ឈ្មោះ យ៉ាន រ៉ាឌី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលជាម្ចាស់ការ៉ាស់(លក់ហ្គាស់) ។

ក្នុងពាក្យបណ្ដឹងបានរាបរប់ថា មុនកើតហេតុឃើញជនសង្ស័យទាំង ៤នាក់រួមទាំងស្រ្តីម្នាក់ជិះរថយន្ត ១គ្រឿងម៉ាក លិចសុីស ៣០០ ពណ៌ផ្សែងបារី ពាក់ស្លាកលេខ បាត់បង់ 2B 0248 បានចុះពីរថយន្តមកសួរប្រពន្ធរបស់ខ្លួន(ម្ចាស់ការ៉ាស់លក់ហ្គាស់)រឿងច្បាប់ ដោយអះអាងពួកខ្លួនមកពីអគ្គស្នងការ បន្ទាប់ជជែកគ្នាខ្លះៗរួចមកសំរួលលុយចំនួន ៣០០ដូល្លារអាមេរិច ប៉ុន្ដែស្រ្តីជាប្រពន្ធម្ចាស់ការ៉ាស់លក់ហ្គាស់ និងម្ចាស់បណ្ដឹង(យ៉ាន រ៉ាឌី) ឲ្យលុយចំនួន ១០ដូល្លារអាមេរិចដោយប្រាប់ពួកគាត់ថា ខុសត្រូវឬយ៉ាងណាចាំនិយាយជាមួយប្ដីរបស់គាត់ទៅ ក្រុមជនសង្ស័យព្រមទទួលយកលុយចំនួន ១០ដូល្លារអាមេរិច ឡើងជិះរថយន្តចេញទៅទិសខាងកើតបាត់អស់ ប៉ុន្តែដោយសមត្ថកិច្ចទំនាក់ទំនងក្វែងក្វាត់កាត់ស្ទាក់ឃាត់ខ្លួនបាន នៅវេលាដូចបានរាបរបខាងលើ ៕ បុឹម ពិន


ចែករំលែក៖