ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នរិះគន់កសិដ្ឋានចិញ្ចឹមក្រពើ លោកវេជ្ជបណ្ឌិត សុខ សុវណ្ណារិទ្ធ ថា មានក្លិនស្អុយប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងសិស្សសាលា

ចែករំលែក៖

ខេត្តសៀមរាប៖ ពលរដ្នរិះគន់កសិដ្ឋានចិញ្ចឹមក្រពើវេជ្ជបណ្ឌិតម្នាក់ ឈ្មោះសុខ សុវណ្ណារិទ្ធ បានចិញ្ចឹមសត្វក្រពើមួយកន្លែង នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខាងត្បូងផ្សារញ៉ែ ជាប់កនែ្លងក្មេងលេងនៃសាលាវេសស្ទើនអន្តរជាតិ បង្កឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ សុខភាពប្រជាពលរដ្ឋ និងសិស្សសាលា ។

យោងតាមការស្នើរបស់ប្រជាពលរដ្ឋ បានសុំដល់អាជ្ញាធរ ខេត្តសៀមរាប ជួយអន្តរាគមន៍ ដោយពលរដ្ឋអះអាងថា អាងក្រពើខាងលើ អតីតជាដីបឹង ត្រូវបានគេចាក់លុបអាចតាមយុទ្ធសាស្ត្រ ច្រេះស៊ីដែក ។ អាងក្រពើនេះ នៅផ្នែកខាងមុខមានបើកមន្ទីរសម្រាកព្យាបាលយីហោ សិរីរត្នន៍ ម្ចាស់ទីតាំងនេះឈ្មោះ សុខ សុវណ្ណរិទ្ធ ជាប្រធានពេទ្យផ្នែកសម្ភពនៅមន្ទីរពេទ្យបង្អែកខេត្ត ។ គាត់ធ្វើដូច្នេះហាក់បីដូចជាគ្មានក្រមសីលធម៌ជាគ្រូពេទ្យទាល់តែសោះ ក្នុងនាមគ្រូពេទ្យព្យាបាល មិនគួរណា បើកអាជីវកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកដទៃទេ ។

ក្រោយមានការស្នើបែបនេះ ក៏មានមន្ត្រីជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យជាក់ស្ដែង ដោយរកឃើញភាពមិនប្រក្រតី៣ចំណុច ៖ ទី១ លំនៅឋាននៅជិតអាងក្រពើ ទី២ អំឡុងពេលដាក់ចំណីបង្កឲ្យមានក្លិនឆ្អាប ទី៣ ករណីមិនបានសម្អាតចំណី បង្កឲ្យមានក្លិនស្អុយ ។ ជាមួយគ្នានេះម្ចាស់ទីតាំងបានទទួលស្គាល់ថាពិតជាមានក្លិនស្អុយមែន ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ មន្ត្រីជំនាញបានប្រជុំនៅមន្ទីរបរិស្ថានខេត្ត ដោយភាគីពាក់ព័ន្ធ បាន ឯកភាពគ្នា ដែលមានខ្លឹមសារដូចខាងក្រោម៖ ម្ចាស់កសិដ្ឋានបានយល់ព្រមបញ្ឍប់ការចិញ្ចឹមក្រពើនៅទីតាំងនេះ ក្នុងរយ:ពេល៣ឆ្នាំ គិតចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩នេះ ។

ក្នុងករណីម្ចាស់កសិដ្ឋានមិនអនុវត្តតាមការណែនាំខាងលើ ម្ចាស់កសិដ្ឋានត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។ ក៏ប៉ុន្តែរហូតមកដល់ថ្ងៃទី២០ខែសីហាឆ្នាំ២០១៩នេះ ទីតាំងខាងលើមិនទាន់បានរុះរើតាមកិច្ចសន្យានៅឡើយ ។

ប្រជាពលរដ្ឋ សង្ស័យថាអាងចិញ្ចឹមក្រពើ របស់លោក សុខ សុវណ្ណារិទ្ធ មិនមានច្បាប់អនុញាត្តនោះទេ ។ ដូច្នេះអាជ្ញាធរមិនត្រូវបណ្ដែតបណ្ដោយឲ្យមានអាងក្រពើបែបនេះ នៅកណ្ដាលទីប្រជុំជន តទៅទៀតនោះទេ ។ ដោយហេតុថាអាងក្រពើនេះ ប្រឈមទៅនឹងការបង្កគ្រោះថ្នាក់ជាយថាហេតុ ពិសេស ជាជំរកមូសខ្លាទៀតផង ។ ដូចករណីនៅសង្កាត់សៀមរាប កាលពីពេលថ្មីៗ មានក្មេងស្រីម្នាក់ ធ្លាក់ចូលអាងក្រពើ ត្រូវបានក្រពើហែកស៊ី បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ពាក់ព័ន្ធការចោទប្រកាន់នេះ លោកសុខ សុវណ្ណារិទ្ធ បានបកស្រាយប្រាប់បណ្ដាញសារព័ត៌មានថា ខ្ញុំគ្រាន់តែជាអ្នករងគ្រោះដោយការចិញ្ចឹមក្រពើម្នាក់ ដែលបានស្តាប់ប្រសាសន៍សម្តេច លើកទឹកចិត្តចិញ្ចឹមក្រពើ ចូលរួមលើកកម្រិតជីវភាព តែ៣ឆ្នាំកន្លងមកខ្ញុំខិតខំរកទីផ្សារដើម្បីលក់វា តែការចុះថ្លៃហើយលក់មិនទាន់ដាច់ សូមលោកលោកស្រីមេត្តាអធ្យាស្រ័យសិន ខ្ញុំកំពុងខិតខំរកទីផ្សារដើម្បីលក់ចេញឲ្យបានកាន់តែឆាប់ ។

បើទោះបីជាមានការបកស្រាយយ៉ាងនេះក្ដី ក៏ប៉ុន្តែប្រជាពលរដ្ឋថា ការលើកឡើងនោះ អាចគ្រាន់តែជាការដោះសារតែប៉ុណ្ណោះ ព្រោះថា ការចិញ្ចឹមក្រពើនោះ មានរយ:ពេលជាង៥ឆ្នាំមកហើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖