ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ធ្វើសកម្មលួចទុរយោបូបខ្សាច់គេយកទៅលក់ បានសម្រេចម្ដងហើយ មិនរាងញ៉ាម ថ្ងៃក្រោយមកលួចម្ដងទៀត ម្ចាស់គេតាមទាន់ ចាប់ខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលព្រែកតាទែនចាត់ការតាមច្បាប់ ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកក្តី ឃុំ ព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនឈ្មោះ សៀម សុជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រែកល្វា ឃុំ ព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ មាស ហេងលីឆេង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការបូមខ្សាច់ មានទីលំនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមាន៖ពូថៅ ផ្លែដែក ដងធ្វើពីឈើប្រវែង០,៤៩ម៉ែត្រ ចំនួន១ ,បំនែកទុយោចំនួន២កញ្ចប់ធំ និងម៉ូតូ១ គ្រឿង ម៉ាក សង់កូរ៉េ ធុនសេ១០០ ពណ៌ស្លាទុំ គ្មានស្លាកលេខ ។
ប្រភពដដែលបន្ដថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោងប្រមាណ១៩ ឈ្មោះ ចេង សេងហួរ ហៅពៅ ជាកម្មករបូមខ្សាច់ ដែលស្នាក់នៅកន្លែងកើតហេតុខាងលើបានប្រាប់មេការរបស់ខ្លួនឈ្មោះ មាស ហេងលីឆេង ថា៖ យប់មិញមានចោរចូលធ្វើសកម្មភាពលួចទុយោបូមខ្សាច់នៅក្នុងការដ្ឋានយើង។ ដោយមានការសង្ស័យ នៅយប់ថ្ងៃទី២១ ខែឆ្នាំដដែល វេលាម៉ោងប្រមាណ២០ ជនរងគ្រោះជាមេការ រួមទាំងកម្មករដទៃទៀត បាននាំគ្នាអង្គុយចាំឃ្លាំមើលនៅកន្លែងការដ្ឋានបូបខ្សាច់ ខណៈនោះ ស្រាប់តែជនរងគ្រោះបានឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួន ចូលក្នុងការដ្ឋានបូមខ្សាច់ រួចធ្វើសកម្មភាពយកពូថៅ វាយបំបែកទុយោបូមខ្សាច់ជាបំណែកៗ រួចចងវិចខ្ចប់លើកដាក់លើម៉ូតូ បំរុងជិះចេញ ភ្លាមនោះ ជនរងគ្រោះ និងកម្មករ បាននាំគ្នាដេញចាប់ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង រួចប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកតាទែន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៨ជាង ខ្លួនបានចូលលួចយកបំណែកទុយោ ក្នុងការដ្ឋានបូមខ្សាច់ចងដាក់លើម៉ូតូរបស់ខ្លួន ជិះដឹកយកមកទុកនៅផ្ទះ លុះព្រឹកឡើងខ្លួន បានយកទៅលក់អោយអេតចាយដើរទិញតាមផ្លូវបានប្រាក់ចំនួន៥ម៉ឺនរៀល ។ លុះមកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង១៩ ខ្លួនបានចូលលួចវាយបំបែកទុយោបូមខ្សាច់ជាបំណែកៗ វិចចងដាក់លើម៉ូតូជិះដឹកយកទៅទុកនៅផ្ទះ រួចព្រឹកឡើងយកទៅលក់អោយរ៉ឺម៉កដើរទិញតាមផ្លូវចំនួន៦ ម៉ឺនរៀល ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ