ភ្នំពេញ៖ រថយន្តដឹកទំនិញធុនធំមួយគ្រឿងបានបើកទាក់ខ្សែភ្លើងបណ្តាលឲ្យឆ្លងផ្ទុះឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។
តាមសន្តិសុខដែលយាមនៅម៉ាតជិតនោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកទំនិញធុនធំមួយគ្រឿងមិនចាំស្លាកលេខបានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៣ ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែទាក់ខ្សែកាបកាត់ទទឹងផ្លូវបណ្តាលឲ្យដាច់ធ្លាក់ដល់ដី និងផ្ទុះឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ជាច្រើនបំពង់ ទើបអាចគ្រប់គ្រងបាន ។ ចំណែករថយន្តបង្កបានបើកគេចខ្លួនបាត់ ។
ពាក់ព័ន្ធ នឹងហេតុការណ៍ខាងលើ មិនមានឆ្លងដល់ផ្ទះប្រជាពលរដ្ឋនោះទេ ៕ សុខាសែនជ័យ