ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឡើងលួចកាត់ខ្សែកាប ដែលនៅលើបង្គោលភ្លើង តាមដងផ្លូវកាលពីម៉ោង ១ និង២៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចច្រកចូលខាងមុខភោជនីយដ្ឋានBBQ កូរ៉េហ្គូង តាមបណ្ដោយផ្លូវ៥៩២ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
ជនសង្ស័យឈ្មោះ ផុច ចាន់ធ៊ិក អាយុ៣៦ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ ។
ប្រភពពត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ កំពុងតែដេកលង់លក់នៅក្នុងផ្ទះ ស្រាប់តែឮសំឡេងក្តុងក្តាំងនៅលើដំបូងផ្ទះស័ង្កសីរបស់គាត់ ។
មួយស្ទុះក្រោយមក គាត់បានចេញមកមើល ឃើញខ្សែកាបមួយខ្សែបានដាច់ធ្លាក់ចុះមកលើដី ខណ:នោះជនសង្ស័យ ក៏បានទម្លាក់កន្ត្រៃចុះ រួចក៏ដើរចេញពីកន្លែងកើតហេតុ ធ្វើដូចជាមិនដឹងរឿងអ្វីទាំងអស់ ។ ភ្លាមៗនោះប្រជាពលរដ្ឋនាំគ្នា ដេញឃាត់ខ្លួន និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកធ្វើការអន្តរាគមន៍ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចឡើងកាត់ខ្សែការពារ ដែលនៅលើបង្គោលភ្លើង តាមដងផ្លូវប្រាកដមែន ។
បន្ទាប់ពីកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួន យកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដើម្បីកសាងសំណុំរឿង បញ្ជូនអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំចាត់ការទៅតាមនីតិវិធី ៕ ជ្រោយពេជ្រ