ព័ត៌មានទាន់ហេតុការណ៍៖

ចោរដាច់ដាបលួចម៉ូតូកញ្ចាស់របស់អ្នកឆ្លុះត្រី ជិះដើរលក់ ប៉ះចំប្រជាការពារប៉ុស្តិ៍ទឹកថ្លាឃាត់ល្មម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង ប្រជាការពារប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លូនភ្លាមៗ ក្រោយពីបានធ្វើសកម្មភាពលួចម៉ូតូសង់កូរ៉កញ្ចាស់មួយគ្រឿងពីអ្នកឆ្លុះត្រីបានសម្រេចជិះដើរលក់ កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតចំណុចគល់ស្ពានអាកាស៧មករាខាងលិច តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យមានឈ្មោះ ចន្ថារ ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិសំបុកចាប សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ ។

តាមការរៀបរាប់របស់ជនសង្ស័យបានឲ្យដឹងថា មុនកើតរូបគេបានជិះកង់មួយគ្រឿងចេញពីកន្លែងស្នាក់នៅ បំណងទៅម្តុំដីវាលមួយកន្លែងក្បែរបុរីឈូកវ៉ា ក្នុងសង្កាត់ កោគរការ ខណ្ឌព្រែកព្នៅ ខណៈនោះ ក៏បានប្រទះឃើញម៉ូតូសង់កូរ៉ ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខ ង 3960 ភព1 ខណៈដែលម្ចាស់ទុកចោល រួចដើរទៅរកឆ្លុះត្រី បានសម្រេច រួចបានជិះទៅលេងស្រីស្នេហ៍នៅហាងកាហ្វេមួយកន្លែង ផ្លូវរថភ្លើងម្តុំត្រឡោកបែក ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់អង្គុយជាមួយស្រីស្នេហ៍រួចហើយ បានលាស្រីស្នេហ៍រួច បន្តដំណើរទៅមុខទៀត លុះមកដល់ចំណុចកើតហេតុ បានប្រទះ នឹងកម្លាំងប្រជាការពាររួចប្រាប់ថា ចង់លក់ម៉ូតូក្នុងតម្លៃ៤០ដុល្លារ ត្រូវបានប្រជាការពារឃាត់ខ្លួនតែម្តង ។

បើតាមសម្តីកម្លាំងប្រជាការពារបានប្រាប់ថា មុនកើតហេតុ កម្លាំង៤-៥នាក់ កំពុងជិះល្បាតក្នុងភូមិសាស្ត្រ ក៏ប្រទះឃើញជនសង្ស័យខាងជិះម៉ូតូមក រកលក់ក្នុងតម្លៃ៤០ដុល្លារ រួចកម្លាំងបានសួរនាំបន្តទៀត និងឃាត់តែម្តង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងប្រជាការពារបញ្ជូនខ្លួនមកប៉ុស្តិ៍នគរបាលរដបាលទឹកថ្លាដើម្បីសួរនាំបន្ត និងចាត់កាតាមច្បាប់ ៕ ចន្ទ លីហ្សា


ចែករំលែក៖