ភ្នំពេញ ៖ ប្រហែលជាម្ចាស់ទីតាំងហាងអុីធរណេតយីហោ e888កុំព្យូទ័រ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ ដែលកំពុងបង្កប់ល្បែងសុីសងភ្នាល់ និងល្បែងផ្សែងៗជាច្រើនប្រភេទ មានអំណាចខ្លាំងជាងលោកអភិបាលខណ្ឌនិងលោកអធិការខណ្ឌមានជ័យហើយមើកទៅ ទើបមិនមានអាជ្ញាធរមានសមត្ថកិច្ច មិនឃើញចុះទៅបង្ក្រាបសោះ បណ្ដោយឲ្យបើកលេង២៤ម៉ោង លើ២៤ម៉ោងកើតបទល្មើស លួចឆក់ ប្លន់ ស្ទើររាល់ថ្ងៃ។
ប្រជាពលរដ្ឋបានលើកឡើងថា ប្រហែលជាអំណាចរបស់ម្ចាស់ទីតាំងដែលកំពុងបើកល្បែងសុីសងខុសច្បាប់នេះធំជាងលោកអភិបាលខណ្ឌមានជ័យ និងលោកអធិការនគរបាលខណ្ឌហើយទៅ ទើបលោកទាំងពីរមិនហ៊ានបញ្ជារកម្លាំងអោយចុះបង្ក្រាបដោយទុកអោយមានបនល្បែងខុសច្បាស់កើតមានក្នុងមូលដ្ឋានរបស់ខ្លួននិងកើតបទល្មើសស្ទើររាល់ថ្ងៃបែបនេះ។
ប្រជាពលរដ្ឋបានបន្តថា បើអាជ្ញាធរមានសមត្ថកិច្ចរវល់តែខ្លាចអំណាចក្រុមបើកល្បែងសុីសងខុសច្បាប់ទាំងនេះ តើអោយពួកគាត់សង្ឃឹមអ្នកណា តើឯណាទៅគោលនយោបាយភូមិឃុំសុវត្តិភាព ដែលរាជរដ្ឋាភិបាលដាក់អោយ បើបទល្មើសកើតមានស្ទើរតែរាល់ថ្ងៃបែបនេះ។
ប្រជាពលរដ្ឋសូមសំណូមពរដល់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាមានចំណាត់ការលើទីតាំងបង្កប់ល្បែងសុីសងទាំងនេះផងព្រោះបទល្មើសចោរលួច ចោរឆក់ច្រើនណាស់។
គួររំលឹកថា ប្រមុខរាជរដ្ឋាភិបាលបានបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឱ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ិនធើណេតអនឡាញក្នុង និងក្រៅប្រទេសនៅក្នុងព្រះរាជាណាចក្រ
កម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ៕ភារ៉ា ដង្កោ