ភ្នំពេញ៖ ការប្រើប្រាស់គញរឿងសម្អាងពិសេសឡេសម្រាប់ជួយផ្នែកសម្រស់កាន់តែបង្កើតឲ្យមានបញ្ហាជាច្រើនសម្រាប់អ្នកប្រើប្រាស់ ។ ស្របពេលនេះក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី២២ សីហា ២០១៩ ស្តីពីការហាមឃាត់គណនីយហ្វេសប៊ុក ឈ្មោះ Lyheng Smile , Heng Smile ដែលបានចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសំអាងតាមបណ្តាញសង្គមហ្វេសប៊ុក ដែលគ្មានលេខប្រវេទន៍ និងគ្មានច្បាប់ស្តីពីក្រសួងសុខាភិបាល។
យោងតាមសេចក្តីជូនដំណឹង របស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដោយសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) រៀងរាល់ថ្ងៃ មានគណនីឈ្មោះ Lyheng Smile, Heng Smile កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ចំនួន៥មុខ ១-Ly Heng Skin Care Silver, ២- Ly Heng Skin Care Gold, ៣-Cleansing Form, ៤-Scrum Collagen Plus, ៥-Day Cream គ្មានក្រុមហ៊ុនត្រឹមត្រូវគ្មានលេខប្រវេទន៍ គ្មានការត្រួតពិនិត្យគុណភាព និងគ្មានការអនុញ្ញាតឱ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់កុំជឿការឃោសនាភូតកុហកបោកប្រាស់ខាងលើ និងបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើដែលផ្សព្វផ្សាយតាមគណនីឈ្មោះ Lyheng Smile, Heng Smile ហើយក្រសួងសុខាភិបាលតម្រូវឱ្យម្ចាស់គណនីឈ្មោះLyheng Smile, Heng Smile ត្រូវឈប់ផ្សព្វផ្សាយលក់ ឬចែកចាយផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើនេះព្រមទាំងប្រមូលមកកំទេចចោលជាបន្ទាន់។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីឈ្មោះ Lyheng Smile,Heng Smile ដែលផ្សព្វផ្សាយលក់ ឬចែកចាយផលិតផលគ្រឿងសម្អាងគ្មានលេទប្រវេទន៍ទខាងលើនេះទៅតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីច្បាប់វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
សេចក្តីប្រកាសខាងលើក៏បានបញ្ជាក់ដែរថាក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងលក់ ឬចែកចាយផលិតផលគ្រឿងសម្អាងគ្មាន លេខប្រវេទន៍ខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋាន ឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖០១១ ៥៧៤ ៧៨៧,០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។ សូមភ្ជាប់គណនីឈ្មោះ Lyheng Smile,Heng Smile និងផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ទាំង៥មុខ៕ វឌ្ឍនា