ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋឃុំតាលោទទួលបានស្រូវពូជពីមន្ទីរកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទ ខណៈកំពុងជួបគ្រោះរាំងស្ងួត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នេះ នៅសាលាឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្ត រួមដំណើរដោយមន្រ្តីជំនាញ លោក អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ មន្រ្តីសាលាស្រុក លោក មេឃុំឃុំតាលោ និងមន្រ្តីសាលាឃុំជាច្រើនរូប ចុះផ្ដល់នូវស្រូវពូជជូនបងប្អូនប្រជាកសិករ ខណៈកំពុងជួបគ្រោះរាំងស្ងួត ដែលរងផលប៉ះពាល់ដល់ដំណាំស្រូវធ្ងន់ធ្ងរ ។

យោងតាមរបាយការណ៍ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ស្រូវពូជដែលបានផ្ដល់ជូនបងប្អូនប្រជាកសិករប្រមាណជាង ២៥តោន ដល់ប្រជាកសិករចំនួន ២៥៤គ្រួសារ មកពីចំនួន ៦ភូមិនៃឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

របាយការណ៍ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មខាងលើ ឆ្នាំ២០១៩ នេះ បងប្អូនប្រជាកសិករបានចាប់ផ្តើមធ្វើការព្រួសគ្រាប់ស្រូវស្ងួតពីដើមខែឧសភា មកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នេះ គឺអនុវត្តបានចំនួន ១១៥ ៥៧៥ហិកតា ស្មើនឹង ១០០,៥០% នៃផែនការប្រចាំឆ្នាំ ចំពោះស្ថានភាពទឹកភ្លៀង ចាប់ពីដើមខែឧសភា មកដល់ដើមខែមិថុនា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់ជាមធ្យមបានរាយប៉ាយគ្រប់តំបន់ទូរទាំងខេត្តពោធិ៍សាត់ លុះមកដល់ខែសីហា ឆ្នាំ២០១៩ ដដែលនេះ មានភ្លៀងធ្លាក់តិចតួចហើយមិនរាយប៉ាយ ធ្វើឲ្យដំណាំស្រូវតាមបណ្ដាស្រុក.ក្រុងមួយចំនួនប្រឈមជួបប្រទះគ្រោះរាំស្ងួត លើកលែងផ្ទៃដីដែលរងផលប៉ះពាល់នៅឃុំតាលោមួយចំនួន បើមានភ្លៀងរលឹមអាចលូតលាស់ទទួលបានលទ្ធផលខ្លះៗ ៕ បុឹម ពិន


ចែករំលែក៖