ភ្នំពេញ ៖ រោងចក្រផលិតពូកដ៏ធំមួយកន្លែង ស្ថិតក្នុងភូមិចំរេីនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ត្រូវបានអគ្គិភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ បុគ្គលិករោងចក្រផលិតពូកខាងលើកំពុងតែធ្វើការដូចសព្វដង បន្ទាប់មកគេសង្គេតឃើញមានទុសេចរន្តអគ្គីសនីពីកាប៊ិនភ្លើង ក្នុងរោងចក្រ ។ ក្នុងអំឡុងពេលនោះបុគ្គលិកកំពុងតែធ្វើការក៏បានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ដែរ តែមិនអាចគ្រប់គ្រងស្ថានការបាន ទើបប្រញ៉ាប់រាយការន៍សមត្ថកិច្ចមូលដ្ឋានឲ្យយករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកជួយបាញ់ពន្លត់ ។
ទោះជាយ៉ាងណា ក្នុងស្ថានភាពអគ្គីភ័យខាងលើនេះ កម្លាំងជំនាញមានការពិបាកបន្តិចក្នុងការបាញ់ពន្លត់ ព្រោះទីតាំងនេះ ប្រក់ដំបូលសង្កសី ឯផលិតជាពូក ងាយនិងឆេះឆាប់រហ័ស ទើបអគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យខូចខាតសម្ភារៈខាងក្នុងស្ទើទាំងស្រុង ហើយរហូតមកដល់វេលាម៉ោងជាង៤រសៀលថ្ងៃដដែល មិនទាន់រលត់នៅឡើយនោះទេ ។
ករណីអគ្គីភ័យខាងលើនេះ មិនបណ្ដាលឲ្យមនុស្សនាម្នាក់រងរបួសនោះឡើយ ហើយចំពោះរថយន្តពន្លត់អគ្គីភ័យបានមកពីអង្គភាពផ្សេងៗគ្នាជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ផងដែរ ៕ ភារ៉ា ដង្កោ