ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូបុករថយន្ដចតលើចិញ្ចើមផ្លូវបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿង បើកល្បឿនលឿនបុកគូថរថយន្ដពេញមួយទំហឹង ចតលើចិញ្ចើផ្លូវ បណ្ដាលឲ្យម្នាក់ស្លាប់ និង២នាក់ទៀតទទួលរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង១១ និង១០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលេខ៥១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ស្ថិតក្នុងភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ភី កុសល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃស្រឡឹក ឃុំព្រៃស្រឡឹក ស្រុកពារាំង ខេត្តព្រៃវែង (ជាអ្នករួមដំណើរ) រីឯជនរងគ្រោះ២នាក់ទៀតរងរបួសធ្ងន់ ទី១-ឈ្មោះ ពេជ្រ រ៉ុម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគក ឃុំព្រៃស្រឡឹក ស្រុកពាំរាំង ខេត្តព្រៃវែង ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1M-5646 និងទី២-ឈ្មោះ គាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាំងស្នាយ ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង ។ ចំណែកភាគីខាងរថយន្ដម៉ាកកូរ៉េ ធុន២,៥តោន ពណ៌ស មិនចាំស្លាកលេខ បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ (បើករត់គេចខ្លួនក្រោយពេលកើតហេតុ ) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញ ម៉ាកកូរ៉េ ខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ក្នុងទិសដៅពីត្បូងទៅជើង (ថ្នល់ទទឹង-ឧត្តុង) ។ លុះមកដល់ចំណុចកើតហេតុ រថយន្ដខាងលើនេះ ក៏បានចតលើចិញ្ចើមផ្លូវ ខណៈនោះ ស្រាប់តែមានម៉ូតូ១គ្រឿងជិះឌុបគ្នា៣នាក់ បើកបរក្នុងទិសដៅស្របគ្នា បើកដោយល្បឿនលឿន ក៏ជ្រុលទៅបុកគូថរថយន្ដដែលចតនោះ ពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នករួមដំណើរលើម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯ២នាក់ទៀតរងរបួសធ្ងន់ ។ ចំណែករថយន្ដ ក៏បានបើករត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលស្រុក បានចុះមកអន្ដរាគមន៍ ហៅរថយន្ដសាមុយដឹកជនរងគ្រោះ២នាក់ ដែលរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ រាជធានីភ្នំពេញ រីឯសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែក ម៉ូតូត្រូវសមត្ថកិច្ចធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។

ការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ គឺបណ្ដាលមកពីអ្នកបើកបរម៉ូតូ បើកខ្វះការប្រុងប្រយ័ត្ន ទើបបានជាជ្រុលទៅបុកគូថរថយន្ដដែលចតលើចិញ្ចើមផ្លូវយ៉ាងដូច្នេះ ៕ ស្អាងជ័យ


ចែករំលែក៖