ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ និងរបួសធ្ងន់១នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរម៉ូតូបុកម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរម៉ូតូបុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់១នាក់ កាលពីវេលាម៉ោង១៦និង០៥នាទី ថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស​២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩លើកំណាត់ផ្លូវជាតិលេខ៦ ភូមិថ្មី ឃុុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថា ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខ កំពត1I.5734​ទិសដៅពីជើងទៅត្បូង ហើយបត់ឆ្វេងឆ្លងកាត់ផ្លូវ ដោយឈ្មោះ នី ចាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាទ្រៀល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព) ។

ម៉ូតូម្ខាងទៀត ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខសៀមរាប 1Z.0329 បើកបរទិសដៅពីទៅត្បូងទៅជើង ដោយឈ្មោះ ហេង សង្ហា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិត នៅភូមិព្រៃថ្មី សង្កាត់ទឹកវឹល ក្រុងសៀមរាប ខេត្តសៀមរាប របួសធ្ងន់ (ពាក់មួកសុវត្ថិភាព)។

មូលហេតុ បង្កដោយអ្នកបើកបរម៉ូតូឈ្មោះ នី ចាន់ណា បើកបរបត់ឆ្វេងឆ្លងកាត់ផ្លូវខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងបញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យ និងប្រមូល វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ចំណែកអ្នកស្លាប់បានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖