ភ្នំពេញ៖ ទីតាំងផលិត វេចខ្ចប់គ្រឿងសំអាងមួយកន្លែង ពុំមានច្បាប់អនុញ្ញាតិ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបជាក់ស្តែងរកឃើញសារធាតុគីមីបំរើឲ្យការ ផលិតគ្រឿងសំអាងចំនួន ១១ប្រភេទ ស្មើរ២.៧០០គីឡូក្រាម ។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៩ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពីមន្ត្រីក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កបករណីផលិត វេចខ្ចប់គ្រឿងសំអាងគ្មានច្បាប់ នៅចំណុចផ្ទះលេខ ១៤B ផ្លូវលំ ក្រុមទី៨ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឋមានជ័យ រាជធានីភ្នំពេញ ។
ក្រោយពីការត្រួតពិនិត្យសមត្ថកិច្ចចម្រុះ បានឆែកឆេរជាក់ស្តែងរកឃើញ ផលិតផល និងសារធាតុគីមីបំរើឲ្យការ ផលិតគ្រឿងសំអាងចំនួនប្រមាណ ១១ប្រភេទ(សម្ភារ:សំបកវេចខ្ចប់ ម៉ាស៊ីនកាត់ និងអ៊ុតមាត់ថង់ ម៉ាស៊ីនកូឡេ) ពុំមានច្បាប់អនុញ្ញាតិ ចំនួនប្រមាណ ២.៧០០គីឡូក្រាម ។
ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារងខាំ សុផារី បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ន និង បិទក្លុំបេ នៅទីតាំងខាងលើ និងបានយកវត្ថុតាងមួយចំនួនទៅធ្វើការពិសោធន៌រកសារធាតុហាមឃាត់ និងបាននាំខ្លួនម្ចាស់ទីតាំងមកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ