ព័ត៌មានទាន់ហេតុការណ៍៖

នាំគ្នាមកលេងទឹកធ្លាក់ អកុសលរថយន្តរអិលថយក្រោយ ក្រឡាប់របួសមនុស្សច្រើននាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្សជាច្រើននាក់ បានរងរបួស បន្ទាប់ពីរថយន្តរអិលថយក្រោយ ខណ:នាំគ្នាទៅលេងនៅទឹកធ្លាក់ជ្រាវ ។ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានអន្តេរាគមន៍ បញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១៣និង៣០ នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចតំបន់ទឹកធ្លាក់ជ្រាវស្ថិតក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ រថយន្តដែលជនរងគ្រោះជិះផលិតនៅកូរ៉េ ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ 2L 01 65 ភ្នំពេញ អ្នកបើកបរមិនស្គាល់ឈ្មោះ ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តខាងលើ បានដឹកមនុស្សចំនួន២៥នាក់ ស្រី១៥នាក់ មកលេងនៅតំបន់រមណីយដ្ឋាន ជ្រាវ នៅពេលមកដល់ចំណុចកើតហេតុខាងលើ បានរអិលថយក្រោយ ធ្លាក់ប្រឡាយខាងលិចផ្លូវ បណ្ដាលឲ្យមនុស្សធ្លាក់មកខាងក្រោយ រថយន្តបង្កឲ្យរងរបួស មនុស្ស០៧ នាក់ស្រី៦ នាក់ ។

អ្នករងរបួសរួមមាន៖ ឈ្មោះ ហ៊ុន ពឿន ភេទស្រី អាយុ ៦២ របួសធ្ងន់បាក់ជើងស្ដាំ, ឈ្មោះ មុឹន ម៉េង ភេទប្រុស អាយុ ៣៨ ឆ្នាំ បាក់ដៃស្ដាំ, ឈ្មោះ សឿង រិន ភេទស្រី អាយុ ៥០ ឆ្នាំ របួសស្រាល, ឈ្មោះ ងឿត អាន ភេទស្រី អាយុ៦៣ ឆ្នាំរបួសស្រាល, ឈ្មោះ ម៉ៅ ឆាយ ភេទស្រី អាយុ៣៨ ឆ្នាំ របួសស្រាល, ឈ្មោះ យាយ ផាន់ ភេទស្រី អាយុ៨០ ឆ្នាំរបួសស្រាល និងឈ្មោះ ហ៊ុន ពុធ ភេទស្រី អាយុ ៧៧ ឆ្នាំ របួសស្រាល អ្នកទាំងអស់ រស់នៅភូមិព្រៃច្រាបខាងកើត ឃុំវាល់ពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ក្រោយពីកើតហេតុ ជនរងគ្រោះទាំងអស់ ត្រូវរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រាំងពន្លៃ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់រថយន្តបានយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកថ្ពង ៕ សេនាស័ក្តិ


ចែករំលែក៖