ភ្នំពេញ ៖ ក្រោយពីមានសារព័ត៌មានក្នុងស្រុក មួយចំនួនចុះផ្សាយ ចោទប្រកាន់ថា លោកដោះដៃចោលប្រពន្ធកូន លោក កង វង ចៅសង្កាត់ចោមចៅទី១ បានថ្លែងបំភ្លឺថា រឿងនេះមិនដូចអ្វីដែលគេចុះផ្សាយនោះទេ ពោលគឺរឿងរ៉ាវប្តីប្រពន្ធរបស់លោកកំពុងដោះស្រាយគ្នាតាមផ្លូវតុលាការហើយ ។
លោក កង វង បានបញ្ជាក់ថា លោក និង លោកស្រី យ៉ើ ស្រីលក្ខ ពិតជាបានរួមរស់នៅជាមួយគ្នាក្រោមដំបូលផ្ទះតែមួយ ក្នុងនាមជាប្តីប្រពន្ធឥតខាន់ស្លា (អនីតិសង្វាស ឬមិនទាន់ចុះសំបុត្រអាពាហ៍ពិពាហ៍) ប្រាកដមែន ។
លោកចៅសង្កាត់ បន្ថែមថា ក្នុងរយៈពេលជាង ២ឆ្នាំ នៃចំណងស្នេហារវាងលោក និងប្រពន្ធ ឈ្មោះ យ៉ើ ស្រីលក្ខ ពួកលោកទទួលបានចំណងដៃ កូនស្រីម្នាក់ ឈ្មោះ វង សុដាវត្តី ដែលមានវ័យជាង ១០ខែម្នាក់ ។
លោក កង វង អះអាងថា កូនស្រីរបស់លោក ជាមួយលោកស្រី យ៉ើ ស្រីលក្ខ មានសំបុត្រកំណើតបញ្ជាក់ថា លោកគឺជាឪពុករបស់ក្មេងតាមផ្លូវច្បាប់ ។
លោកចៅសង្កាត់ កង វង បានថ្លែងថា កាលពីពេលថ្មីៗនេះ ប្តីប្រពន្ធរបស់លោក មានរឿងរកាំរកូសគ្នាបន្តិចបន្តួច ហើយប្រពន្ធលោកបានសម្រេចចិត្ត បែកបាក់គ្នា ទើបលោកព្រមតាម និងដោះស្រាយជាប្រាក់ចំនួន ៤០០០ដុល្លារដើម្បីមុខរបររកស៊ី ។ ក្រៅពីនោះលោកក៏បានឧបត្ថម្ភអាហារកម្មកូនក្នុង១ខែចំនួន ១០០ដុល្លារ រហូតកូនមាន អាយុ ១៨ឆ្នាំ ។
លោក និយាយទាំងទឹកមុខក្រៀមក្រំថា «ឪពុករូបណា ចង់បែកកូនជាទីស្រឡាញ់? ខ្ញុំចង់រស់នៅមូលគ្នាវិញណាស់ តែសម្របសម្រួលគ្នាមិនត្រូវ ទើបសម្រេចចិត្តដាក់ពាក្យប្តឹងទៅតុលាការឲ្យសម្រេចតាមច្បាប់ទៅ ។ ទោះជាបែបនេះក៏ដោយ បើពួកគាត់ចង់ត្រឡប់មកវិញ ផ្ទះខ្ញុំបើកទ្វារង់ចាំជានិច្ច» ។ «ខ្ញុំ មិនដែលមានស្រីញី ហើយបោះបង់ បណ្តេញកូនប្រពន្ធចេញពីផ្ទះ ដូចគេចោទប្រកាន់នោះទេ ។ ខ្ញុំក៏មានបេះដូង ខ្ញុំក៏ចេះស្រឡាញ់កូនប្រពន្ធ របស់ខ្ញុំដែរ» ។
គួរបញ្ជាក់ថា ការបកស្រាយបំភ្លឺរបស់លោក កង វង ចៅសង្កាត់ចោមចៅទី១ បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយមួយចំនួន ដោយសម្ភាស៍តែភាគីខាងលោក យ៉ើ ស្រីលក្ខ ដោយពុំបានសួរលោកនោះទេ ដូច្នេះដើម្បីបញ្ចប់ការងឿងឆ្ងល់របស់មហាជន កុំឲ្យមានការយល់ច្រឡំលើរូបតទៅទៀត ៕ សុខាសែនជ័យ