ភ្នំពេញ៖ បុរសម្នាក់ក្រោយពីងូតទឹករួចក៏ប្រមូលខោអាវដាក់ក្នុងម៉ាស៊ីនបោកគួក តែម៉ាស៊ីនមិនដំណើរការ ក៏ចាប់ព្រីភ្លើងដោះមើល ស្រាប់តែឆក់ស្លាប់ភ្លាមៗ ។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១៣ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រៃសិលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ញ៉ាញ់ ឌី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរជួសជុលទូទៅ នៅក្នុងព្រលានយន្តហោះពោធិចិនតុង ស្នាក់នៅកន្លែងកើតហេតុ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមកពីធ្វើការវិញ ក៏ហូបបាយជុំគ្នាជាមួយបងប្អូន ខណៈហូបរួច ក៏ប្រមូលខោអាវយកទៅដាក់ក្នុងម៉ាស៊ីនបោកគួក ពេលនោះ ម៉ាស៊ីនមិនដំណើរការ ជនរងគ្រោះក៏ដោះព្រីភ្លើងមកជួសជុលស្រាប់តែឆក់ដួលស្លាប់ភ្លាមៗ ។
បន្ទាប់មកបងប្អូនជនរងគ្រោះមិនអស់ចិត្ត ក៏ដឹកយកទៅមន្ទីរពេទ្យតែគ្រូពេទ្យបានបញ្ជាក់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបដឹកមកធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ