បាតុកម្មនៅកោះហុងកុង អូសបន្លាយរយៈពេល ជាង៣ខែកន្លងមក បានធ្វើឲ្យកោះនេះធ្លាក់នៅក្នុងភាពចលាចល សេដ្ឋកិច្ច ធ្លាក់ចុះយ៉ាងខ្លាំង ។ មិនតែប៉ុណ្ណោះ ក្រុមអ្នកមាន នៅកោះហុងកុងក៏បាននាំគ្នាចាកចេញទៅក្រៅប្រទេស ដើម្បីរស់នៅនឹងរកស៊ីនៅទីនោះ ដោយរស់នៅកោះហុងកុងមិនមានសុវត្ថិភាពដូចមុនទៀតឡើយ ។
អ្វីដែលគួឲ្យចាប់អារម្មណ៍បំផុត នោះគឺ បាតុកម្មរយៈពេល ជាង១២សប្តាហ៍កន្លងមក ធ្វើឡើងដោយសន្តិភាព បើទោះបីមានការប៉ះទង្គិចគ្នាតិចតួចជាមួយប៉ូលិសក្តី ។ ប៉ុន្តែ មកទល់ពេលនេះស្នូរកាំភ្លើងបានបន្លឺឡើងហើយនៅកោះហុងកុង ជាសញ្ញាអាក្រក់ ដល់កោះហុងកុង ។ នៅពេលនេះ ការអត់ធ្មត់របស់កម្លាំងសន្តិសុខមានដែនកំណត់ ហើយប៉ូលិសក៏បានដកកាំភ្លើងបាញ់ព្រមានក្រុមបាតុករ ។
នៅព្រឹកថ្ងៃទី២៦ ខែសីហា អ្នកនាំពាក្យរដ្ឋាភិបាលកោះហុងកុងបានថ្កោលទោសយ៉ាងខ្លាំងដល់ក្រុមបាតុករ ដែលធ្វើបាតុកម្មរយៈពេលពីរថ្ងៃចុងសប្តាហ៍កន្លងមក ដោយបង្កឲ្យមានអំពើហិង្សា ជំរុញឲ្យកោះហុងកុងឈានដល់ដំណាក់កាល គ្រោះថ្នាក់បំផុត ។ កម្លាំងសន្តិសុខ នឹងចាត់វិធានការ ទប់ស្កាត់អំពើហិង្សាបង្កឡើងដោយក្រុមបាតុករ ។
កាលពីថ្ងៃទី២៥ ខែសីហា បាតុកម្មដំបូងចាប់ផ្តើមឡើងដោយសន្តិភាព ប៉ុន្តែនៅពេលរសៀលបានប្រែកក្លាយទៅជាអំពើហិង្សា ។ ក្រុមបាតុករបានដុតភ្លើង នៅតាមផ្លូវ ហើយវាយប្រហារទៅលើកម្លាំងប៉ូលិស ។ សកម្មភាពទាំងនោះបានបង្ខំឲ្យប៉ូលិសត្រូវដកកាំភ្លើង បាញ់ព្រមាន ក្រោយពេលប៉ូលិស៣នាក់ត្រូវក្រុមបាតុករដេញវាយ ។
លោក Leung Kwok Wing មន្ត្រីសន្តិសុខ នៅកោះហុងកុងបានបញ្ជាក់ថា ស្នូរកាំភ្លើងបានបន្លឺឡើងដោយសារតែ អាយុជីវិត កម្លាមងប៉ូលកសកំពុងតែរងការគំរាមកំហែង ។ កម្លាំងប៉ូលិស ៥នាក់រងរបួស ត្រូវបញ្ជូនទៅព្យាបាលនៅក្នុមន្ទីពេលកាលពីថ្ងៃទី២៥ខែសីហា ។ ក្រៅពីបាញ់ព្រមាន កម្លាំងប៉ូលិសក៏បានបាញ់ទឹកដើម្បីបំបែកហ្វូងបាតុកម្មដែល បង្កហិង្សានោះដែរ ។
ការធ្វើបាតុកម្មនៅទីក្រុងសេដ្ឋកិច្ចហុងកុងមិនចេះឆ្អែត មិនចេះឆ្អន់ បើទោះបីរងនូវការបង្ក្រាប ចាប់ខ្លួនបាតុករជាង៧០០នាក់មកហើយយ៉ាងណាក៏ដោយ ។ បាតុកម្មមួយនេះ បានចាប់ផ្តើមតាំងពីខែមិថុនា រហូតមកដល់បច្ចុប្បន្ន មិនទាន់បញ្ចប់ ហើយគោលបំណងរបស់ក្រុមបាតុករ ទាមទារមិនច្បាស់លាស់ ម្តងថា ឲ្យរដ្ឋាភិបាលលុបបំបាត់ច្បាប់ធ្វើបត្យាប័ន ម្តងថាឲ្យស៊ើបអង្កេតដោយឯករាជ្យចំពោះប៉ូលិស ដែលបានប្រព្រឹត្តអំពើឃោរឃៅ បង្ក្រាបមកលើក្រុមបាតុករ និងទាមទារឲ្យមេដឹកនាំដែនដីមួយ មានប្រព័ន្ធគ្រប់គ្រងពីរ ចុះចេញពីតំណែង ។
ប៉ូលិសហុងកុង ទើបតែបានបញ្ជាក់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ថា បានចាប់ខ្លួនពួកបាតុករស្រី ប្រុស បន្ថែមចំនួន២៩នាក់ទៀត ដោយសារតែប៉ះទង្គិចជាមួយប៉ូលិសកាលពីយប់កន្លងទៅ ។ ប៉ូលិសមិនចង់លើកដៃបាញ់គ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកនោះឡើយ ប៉ុន្តែទ្រាំមិនបាននឹងអំពើបាតុកម្មហិង្សារបស់ហ្វួងបាតុករ ។ ការចាប់ខ្លួននេះ ធ្វើឲ្យកើនឡើងជាង៧០០នាក់ ក្នុងអំឡុងពេលបាតុកម្មអូសបន្លាយពេលប្រហែល៣ខែមកនោះរបស់ហុងកុង ។
មិនមានសញ្ញាបង្ហាញថា ក្រុមបាតុករថយចុះ ឬបោះបង់ចូលការទាមទាររបស់ពួកគេនោះឡើយ ។ ផ្ទុយទៅវិញ រិតតែមានគម្រោងប្រមូលផ្តុំគ្នាខ្លាំងឡើង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ។ ពួកគេអំពាវនាវឲ្យក្រុមនិស្សិតផ្អាកការសិក្សារបស់ខ្លួន ហើយចូលរួមបាតុកម្មតាមដងផ្លូវថែមទៀតផង ។ បាតុកម្មនាពេលកន្លងមកបានឈានដល់ការបិទចរាចរណ៍ដឹកជញ្ជូន បិទផ្លូវចរាចរណ៍សំខាន់ៗក្នុងទីក្រុង និងប្រព័ន្ធផ្លូវដែកក្រោមដី ក៏ដូចផ្លូវអាកាសជាដើម ធ្វើឲ្យខាត់បង់សេដ្ឋកិច្ច ប៉ះពាល់ដល់អ្នកដំណើរយ៉ាងច្រើនអនេក ។ ជើងហោះហើរតាមអាកាស បានវិលត្រឡប់មកដំណើរការធម្មតាវិញហើយនៅថ្ងៃអាទិត្យនេះ ។ ក្រុមបាតុករថា ពួកគេរស់នៅសព្វថ្ងៃពុំសូវមានលទ្ធិប្រជាធិបតេយ្យពេញលេញនោះឡើយ ដូច្នេះពួកគេទាមទារនូវអ្វីដែលសិទ្ធិមូលដ្ឋានរបស់ខ្លួន ។
មេដឹកនាំហុងកុង លោកស្រី Carrie Lam ដើម្បីបន្ថូរបន្ថយស្ថានការណ៍ បានប្រកាសរំសាយគម្រោងតាក់តែងច្បាប់បត្យាប័នទៅកាន់ចិនដីគោក ហើយបើកផ្លូវមានកិច្ចចរចាជាមួយក្រុមបាតុករ ។ ប៉ុន្តែលោកស្រី ពុំអាចទទួលយកបានឡើយ ដែលថាឲ្យលោកស្រីចុះចេញពីតំណែងនោះ ។ ទឹកដីហុងកុងបានឯករាជ្យពីអាណានិគមន៍អង់គ្លេសក្នុងឆ្នាំ១៩៩៧ ហើយពួកអាណានិគមន៍បានប្រគល់ដែនដីនេះទៅឲ្យចិនគ្រប់គ្រង ។ របត់នយោបាយរបស់ហុងកុង គឺស្ថិតនៅក្រោមច្បាប់ដែលហៅថា រដ្ឋមួយ ប្រព័ន្ធដឹកនាំពីរ ។
សេចក្តីថ្លែងការណ៍មួយរបស់ប៉ូលិស ផ្សាយនៅថ្ងៃទី២៥ ខែសីហា បានថ្កោលទោសទៅលើក្រុមបាតុករ ដែលបានរំលោភបំពាន់ ជាន់ឈ្លីដល់សន្តិភាពសាធារណៈ ហើយថា បានចាប់ខ្លួនបុរស១៩នាក់ និងស្រ្តី១០នាក់ ។ ការចាប់ខ្លួនបន្ថែមនេះ ធ្វើឲ្យកើនដល់ជាង៧០០នាក់ហើយ ចាប់ពីខែមិថុនា មកទល់ពេលនេះ ៕