ព័ត៌មានទាន់ហេតុការណ៍៖

ចោរគាស់ផ្ទះប្រជាពលរដ្ឋទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍គោកឃ្លាងបែរជារុញពីមួយ ទៅមួយ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋអ្នករស់នៅក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានហួសចិត្តនឹងលោកប៉ូលិសរដ្ឋបាលប៉ុស្តិ៍គោកឃ្លាង ខណៈអ្នកភូមិទៅដាក់ពាក្យបណ្តឹង ក្រោយមានចោរចូលទៅគាស់ទ្វារផ្ទះ កាលពីម៉ោង០៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ប៉ុន្តែមន្ត្រីប៉ូលិសប៉ុស្តិ៍ បែរជារុញពីមួយទៅមួយ ដូចជាមិនយកចិត្តទុកដាក់ទាល់តែសោះ ។

ជនរងគ្រោះដែលត្រូវចោរចូលគាស់ផ្ទះ ឈ្មោះ អ៊ុំ វិវឌ្ឍន៌ បានរៀបរាប់ថា នៅម៉ោង០៣និង២០នាទីទៀបភ្លឺ ផ្ទះរបស់គាត់ត្រូវចោរចូលគាស់តែមិនបានសម្រេចនោះទេ ដោយសារគាត់ជាម្ចាស់ផ្ទះដឹងខ្លួនទាន់ និងបានស្រែកឆោឡោ ធ្វើឲ្យចោរភ័យរត់គេចខ្លួនបាត់ស្រមោល ។ លុះព្រឹកឡើង គាត់បានទៅប្តឹងប៉ូលិសប៉ុស្តិ៍ បែរជាមន្ត្រីប៉ូលិសរុញពីមួយទៅមួយ ហាក់បីដូចជាមិនយកចិត្តទុកដាក់សោះ ។

ក្រោយពីទទួលព័ត៌មានពីករណីនេះ លោក ម៉ូវ មានិត អភិបាលខណ្ឌសែនសុខ បានបញ្ជូនបន្តទៅលោកអធិការប៉ូលិសខណ្ឌ ទើបឃើញមានមន្ត្រីរដ្ឋបាលប៉ុស្តិ៍គោកឃ្លាង ចុះទៅដល់ផ្ទះកើតហេតុសួរនាំពីករណីចោរកម្មនេះ ។

ជុំវិញភាពអសកម្មរបស់មន្ត្រីប៉ូលិសប៉ុស្តិ៍គោកឃ្លាង លោកវរសេនីយ៍ត្រី ដួង វណ្ណៈ បានបញ្ជាក់ដែរថា ករណីនេះលោកមិនដឹងទេ ដោយសារតែលោករវល់ទៅការពារផ្លូវថ្នាក់ដឹកនាំ ដែលធ្វើដំណើរឆ្លងកាត់ ។ លោកក៏បានស្តីបន្ទោសមន្ត្រីប៉ូលិសអនុប៉ុស្តិ៍ម្នាក់ ដែលបានដឹងរឿងនេះហើយ មិនរាយការណ៍ប្រាប់លោក ។

សូមបញ្ជាក់ដែលថា លោក ស ថេត ស្នងការប៉ូលិសរាជធានីភ្នំពេញ ក៏ធ្លាប់ព្រមានករណីប៉ូលិសមិនទទួលពាក្យបណ្តឹងបងប្អូនប្រជាពលរដ្ឋផងដែរ ប៉ុន្តែហាក់បីដូចជាមិនមានប្រសិទ្ធភាពសោះ ៕ ជ្រោយពេជ្រ


ចែករំលែក៖