ព័ត៌មានទាន់ហេតុការណ៍៖

ចោរមួយក្រុមធ្វើសកម្មភាពឆក់កាបូបពីស្ត្រីពីរនាក់ម្តាយ និងកូនបណ្តាលឲ្យដួលម៉ូតូរងរបួសបែកមុខ មាត់សន្លប់ស្តូកស្តឹង

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុម បើកម៉ូតូជាច្រើនគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្ត្រីពីរនាក់ម្តាយ និងកូនកំពុងបើកម៉ូតូបណ្តាលដួលម៉ូតូរងរបួសបែកមុខមាត់សន្លប់ស្តូកស្តឹង ចំណែកជនសង្ស័យបាននាំគ្នាជិះគេចខ្លួនដោយសុវត្ថិភាព​ ខណ:នោះគេសង្កេតឃើញ មិនមានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញចុះមកអន្តរាគមន៍នោះទេ បែរជាមានកម្លាំងសមត្ថកិច្ចខណ្ឌ៧មករាកអន្តរាគមន៍ទៅវិញ ។​

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១១យប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមសម្តីលោកនាយប៉ុស្តិ៍ រដ្ឋបាលនគរបាលអូរឫស្សី៤ បានឲ្យដឹងថា ចំពោះករណីជនសង្ស័យឆក់កាបូបពី ស្ត្រីពីរនាក់ម្តាយ និងកូនបានសម្រេចនោះ គឺបាត់បង់លុយចំនួន៥០ដុល្លារ និងទូរស័ព្ទមួយគ្រឿងមិនចាំម៉ាក​ ហើយមិនស្គាល់អត្តសញ្ញាណម្តាយ និងកូននោះទេ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះស្ត្រីម្តាយ និងកូនពីរនាក់ បើកម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1GI-0524 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើត ហេតុស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៦នាក់ បើកម៉ូតូ៣គ្រឿង ម៉ាកឌ្រីមសង់មិនចាំស្លាកលេខធ្វើដំណើរមកពីរក្រោយ រួចធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីជាម្តាយជាអ្នកបើកម៉ូតូបានសម្រេចបណ្តាលដួលម៉ូតូរងរបួសម្តាយបែកមុខម៉ាត់ សន្លប់ត់ស្តូកស្តឹង ចំណែកស្ត្រីជាកូនរបួសស្រាល រីឯជនសង្ស័យ ក្រោយពីធ្វើសកម្មភាពឆក់កាបូបបានសម្រេចហើយបាននាំគ្នាជិះគេចខ្លួនដោយសុវត្ថិភាព ។

ភ្លាមនោះ គេសង្កេតឃើញសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សី៤ កំពុងល្បាតក្នុងភូមិសាស្ត្រដែលជាប់ព្រំប្រទល់និងខណ្ឌដូនពេញ ក៏បានចុះមកជួយអន្តរាគមន៍នៅនឹងកន្លែងកើតចំណែកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំងដែលជាទឹកដីរបស់ខ្លួនមិនឃើញចុះមកអន្តរាគមន៍នោះទេ ។

បន្ទាប់មក គេឃើញសាច់ញាតិជនរងគ្រោះបានមកដល់ និងយកម៉ូតូព្រមទាំងជនរងគ្រោះដឹកតាមម៉ូតូកង់បីឥណ្ឌាទៅសង្រ្គោះដោយខ្លួនឯង ៕ ជ្រោយពេជ្រ


ចែករំលែក៖