ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចររថយន្តបុករថយន្ត ក្នុងទិសដៅស្របគ្នា ពីត្បូងទៅជើង បណ្ដាលឲ្យរបួសធ្ងន់២នាក់ និងរបួសស្រាល៣នាក់ ខូចខាតរថយន្ត០២គ្រឿង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង១៥នាទី ថ្ងៃចន្ទ ១១រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AM 7943 បើកបរដោយឈ្មោះ អុិត ប៊ុន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ (មិនរបួស) នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទោងដើម្បីសួរបំភ្លឺ ។
ប្រភពបន្តថា អ្នករួមដំណើរចំនួន០៥នាក់ : ១-ឈ្មោះ កន តុន ភេទស្រី អាយុ៦១ឆ្នាំ មុខរបរកសិករ (របួសធ្ងន់) ។ ២-ឈ្មោះ ខ្វាន់ ញឹម ភេទស្រី អាយុ៧០ឆ្នាំ មុខរបរកសិករ(របួសធ្ងន់) ។ ៣-ឈ្មោះ អុឹង អ៊ន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកសិករ(របួសស្រាល) ។ ៤-ឈ្មោះ ឡាន់ អូន ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរកសិករ (របួសស្រាល) ។ ៥-ឈ្មោះ ផុន បុិច ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរកសិករ(របួសស្រាល) ។ ទាំង០៥នាក់ រស់នៅភូមិ ឃុំ ជាមួយអ្នកបើកបររថយន្ត ។
ចំណែករថយន្តម៉ាកFuso ពណ៌បៃតង ស្លាកលេខចង្កូតស្តាំ PSHN-0348 បើកបរដោយឈ្មោះ ធឿម ធឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបររថយន្ត នៅភូមិប្រាសាទក្រាក់ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប(គ្មានរបួស) (នាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្ទោងដើម្បីសួរបំភ្លឺ) ។
មូលហេតុ បង្កដោយអ្នកបើកបររថយន្តស្លាកលេខ PSHN-0348 ចង្កូតស្តាំ អ្នកបើកបរឈ្មោះធឿម ធឿន បើកបរមានល្បឿនលឿនខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ។
ឯអ្នកបើកបររថយន្តសាំងយ៉ុង ឈ្មោះ អុិត ប៊ុន បើកបរជែងហើយឈប់លើទ្រូងផ្លូវ ពីមុខរថយន្ត Fuso ចង្កូតស្តាំ PSHN-0348 មិនទុកចន្លោះសុវត្ថិភាព ។
ក្រោយកើតហេតុ សមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងចុះវាស់វៃងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ៕ ប៊ុនរិទ្ធី