ព័ត៌មានទាន់ហេតុការណ៍៖

ករណីវាយគ្នារឿងបញ្ចាំងពិលដាក់មុខ សមត្ថកិច្ច និងអយ្យការសម្រេចមិនឃុំខ្លួនជនបង្ក

ចែករំលែក៖

ខេត្តកណ្តាល៖ មជ្ឈដ្ឋានជាច្រើនបានសាទរលើចំណាត់ការរបស់សមត្ថកិច្ច និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ចំពោះជម្រើសមិនឃុំខ្លួនជនបង្ក ប៉ុន្តែសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។

យោងតាមប្រភពពីមន្រ្តីនគរបាលខេត្តកណ្តាល បានឲ្យដឹងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះថា ក្រោយសមត្ថកិច្ចសុំគោលការណ៍ ដោយមានការឯកភាពពីតំណាងអយ្យការផងនោះ ក៏សម្រេចមិនឃុំខ្លួនជនបង្ក ប៉ុន្តែបានបញ្ជូនសំណុំរឿងទៅតុលាការចាត់ការតាមនីតិវិធី រឿងហិង្សាមានរបួសបន្តិចបន្តួច ដោយសារចង់ចាញ់ ឈ្នះរៀងខ្លួន ហើយចំពោះករណីនេះ ឪពុក ម្តាយ ជនបង្កបានអង្វរ ដោយធ្វើលិខិតសុំធានាយកកូនទៅអប់រំ ។

ជនរងគ្រោះឈ្មោះសឿន ចិន្តា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅ ស្ថិតនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះឌី អ៊ី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សូមរំលឹកថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៣៖០០នាទី ជនរងគ្រោះបានចេញទៅរកត្រីនៅក្នុងបឹងខាងក្រោយផ្សារគគីរ ដោយជិះទូកទៅតែម្នាក់ឯង ពេលទៅដល់កន្លែងរកត្រី ក៏បានជួបនឹងមិត្តភក្តិម្នាក់ទៀត ជិះទូកទៅរកត្រីដែរ ហើយបានមកអង្គុយលើទូកតែមួយជជែកគ្នាលេង ខណៈដែលកំពុងជជែកគ្នា ស្រាប់តែមិត្តភក្តិរបស់ជនរងគ្រោះបានបញ្ចាំងពិលទៅក្នុងបឹង ក៏ប៉ះចំមុខឈ្មោះឌី អ៊ី ដែលមករកត្រីក្នុងបឹងនោះដែរ ឈ្មោះ ឌី អ៊ី ក៏ខឹងហើយស្រែកជេរ ពេលនោះមិត្តភក្តិរបស់ជនរងគ្រោះក៏បានជេរទៅវិញ ជនសង្ស័យខឹង ក៏បានអុំទូកចូលទៅជិតទូកជនរងគ្រោះហើយបានយកច្រវ៉ាទូកវាយទៅលើជនរងគ្រោះមួយច្រវ៉ា ត្រូវចំកំភួនដៃខាងស្តាំបណ្តាលឲ្យហើម ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានអុំទូករត់គេចខ្លួន ។ ចំណែកជនរងគ្រោះបានត្រឡប់មកផ្ទះវិញប្រាប់ម្តាយរបស់ខ្លួនថាឈ្មោះ ឌី អ៊ី វាយមកលើខ្លួនមួយច្រវ៉ាទូក ត្រូវចំកំភួនដៃខាងស្តាំ ។

ម្តាយជនរងគ្រោះ ក៏បាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ។ ក្រោយពេលទទួលបានពាក្យបណ្តឹងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តដូចការចោទប្រកាន់ពិតមែន និងធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ ៕ ឆ ដា


ចែករំលែក៖