ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឥដ្ឋបុកបង្កាន់ដៃស្ពានក្រឡាប់ផ្ងារជើងបណ្ដាលឲ្យអ្នករួមដំណើរម្នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្តដឹកឥដ្ឋមួយគ្រឿង បើកមិនប្រយ័ត្ន ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ធ្វើឲ្យអ្នករួមដំណើរម្នាក់របួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៨ ត្រង់ចំណុចលើស្ពានព្រែកតាម៉ាក់ ស្ថិតនៅក្នុងភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា រថយន្តដឹកឥដ្ឋក្រឡាប់ផ្ងារជើងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B-5953 បើកបរដោយឈ្មោះ ទល់ កួន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាសូ ឃុំឫស្សីស្រុក ស្រុកពាមជរខេត្តព្រៃវែង មានអ្នករួមដំណើរជាមួយគ្នា៣នាក់៖ ទី១_ឈ្មោះ ធី វាន់នី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ (រងរបួសធ្ងន់) ទី២_ឈ្មោះ វឿន អៀង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ និងទី

៣_ឈ្មោះ ធី វាន់ឌី ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ ។ អ្នករួមដំណើរទាំង៣នាក់ មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុ សាក្សីបានឃើញ រថយន្តខាងលើ ធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូត ជ្រុលទៅបុកបង្កាន់ដៃស្ពានព្រែកតាមាក់ បណ្ដាលឲ្យរថយន្តដឹកឥដ្ឋក្រឡាប់ផ្ងារជើងឡើងលើ ធ្វើឲ្យបុរសម្នាក់ជាអ្នករួមដំណើររងរបួសធ្ងន់ ។ ចំណែកអ្នកបើកបររងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានតថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ដោយឡែក រថយន្តខាងលើនេះ ត្រូវបានសមត្ថកិច្ច ធ្វើការពិនិត្យវាស់វែង រួច កសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖