ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ គ្រោងប្រកាសសាលក្រមរឿងក្តីអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប គឺ លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា នៅព្រឹកថ្ងៃទី៣០ ខែសីហា ស្អែកនេះ ។ ទន្ទឹមនេះ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ទ្ធអ្នកសារព័ត៌មានកម្ពុជា តុលាការសម្រាលទោស ព្រោះបទល្មើសតាមរយៈអង្គហេតុ គឺ មិនធំទេ ។
លោក ហ៊ុយ វណ្ណៈ សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៩ ខែសីហា នេះ ថា “ឆ្លើយតបនិងសំណួររបស់វិទ្យុ VOA អំពីរឿងក្តីអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ៖ ខ្ញុំក្នុងនាម ស.ស.ស.ក គឺមិនជ្រៀតជ្រែកសមត្ថកិច្ចរបស់តុលាការទេ ប៉ុន្តែយើងសូមសំណូមពរដល់តុលាការ ឲ្យពិចារណាដាក់ស្ថានសម្រាលដល់គេទាំង២នាក់ ដើម្បីអាចមានសេរីភាពរស់នៅជាពលរដ្ឋល្អ ជួបជុំគ្រួសារ និងធ្វើការងារឡើងវិញ” ។
លោក បន្តថា “ការស្នើសុំឲ្យតុលាការពិចារណាធ្វើស្ថានសម្រាលនេះ ដោយយោងថា ព្យុសនកម្ម ដែលបង្កដោយបទល្មើសតាមរយៈអង្គហេតុ គឺ មិនធំទេ “ ។
សូមបញ្ជាក់ថា តុលាការបានចោទប្រកាន់លោក យាង សុធារិន្ទ និង លោក អ៊ួន ឈិន ចំនួន២បទចោទ គឺទី១ បទ “ផ្ដល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយការការពារជាតិ” និងទី២ បទ “ផលិតវីដេអូអាសអាភាស” បន្ទាប់ពីបានឃាត់ខ្លួនពួកគាត់ កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ។
តុលាការបានឃុំខ្លួនអ្នកទាំងពីរ ក្នុងពន្ធនាគារអស់រយៈពេលជាង ៩ខែ ទើបអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយភ្ជាប់នូវលក្ខខណ្ឌដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសរៀងរាល់ខែ និងហាមធ្វើដំណើរទៅក្រៅប្រទេសជាដើម ៕ ចេស្តា