ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីប្រកួតជ្រើសរើសក្រុមជើងឯកកីឡាអេឡិចត្រូនិកតំណាងកម្ពុជា លើវិញ្ញាសា Mobile Legends ក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួត ស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០១៩ នេះជាការប្រកួតក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេមលើកដំបូងបំផុត បន្ទាប់ពីកីឡាអេឡិច ត្រូនិក (E-sports) ត្រូវបានដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម ២០១៩ នៅប្រទេសហ្វីលីពីន។ ការប្រកួតនេះរៀបចំឡើង ដើម្បីស្វែងរកក្រុមកីឡាករជើងឯកតំណាងព្រះរាជាណាចក្រកម្ពុជា លើវិញ្ញាសា Mobile Legends: Bang Bang ចេញទៅប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩ នៅប្រទេស ហ្វីលីពីន។

កម្មវិធីប្រកួតនេះ រៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-sports Federation Cambodia) ឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន Cellcard និងគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា និងគណកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលប្រព្រឹត្តទៅនៅផ្សារទំនើប អ៊ីអន សែនសុខ នៅថ្ងៃទី២៨ និង ២៩ ខែសីហា ឆ្នាំ២០១៩ ដែលមានកីឡាករកីឡាអេឡិចត្រូនិកកម្ពុជារាប់ពាន់នាក់ចូលរួម។

ការប្រកួតនេះ បានបើកឲ្យមានការចុះឈ្មោះចូលរួមប្រកួតតាម Online តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា EFC កាលពីថ្ងៃទី១៦-២៣ ខែសីហា ឆ្នាំ២០១៩ ដែលមានក្រុមកីឡាករសរុបចំនួន ១០០ក្រុម មកពី២៥រាជធានី-ខេត្ត ចូលរួមប្រកួតប្រជែង។ ការប្រកួតជម្រុះធ្វើឡើងតាមប្រព័ន្ធ Online ពីថ្ងៃទី២៥ ដល់ ២៦ ខែសីហា ឆ្នាំ២០១៩ ដើម្បីស្វែងរកក្រុមខ្លាំងចំនួន១៦ក្រុម មកប្រកួតនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៩ និង ៨ ក្រុមចុងក្រោយ វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅផ្សារទំនើប Aeon 2 សែនសុខ ហើយក្រុមកីឡាករជ័យលាភីលេខមួយ នឹងត្រូវទៅចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ SEA Games 2019 នៅប្រទេសហ្វីលីពីន។

ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩ នឹងរៀបចំធ្វើឡើងនៅប្រទេសហ្វីលីពីន នៅក្នុងខែវិច្ឆិកា និងខែធ្នូ ដែលជាព្រឹត្តិការណ៍ធំមួយសម្រាប់សហគមន៍កីឡា នៅក្នុងសហគមន៍អាស៊ីអាគ្នេយ៍ ដែលមានព្រឹត្តិការណ៍ប្រមាណ៥៣០ នៅ៤៤ កន្លែងទូទាំងប្រទេសហ្វីលីពីន។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក អៀន វ៉ាត់សុន Ian Watson បានមានប្រសាសន៍ថា ក្រុមហ៊ុន Cellcard បានឈានជើងចូលរួមគាំទ្រក្នុងកំណើនលូតលាស់នៃកីឡាករអេឡិចត្រូនិកនៅប្រទេសកម្ពុជា។

លោកបានបន្តថា៖ «តាមរយៈការចាប់ដៃគូជាមួយអ្នកបង្កើតវិញ្ញាសារកីឡាអេឡិចត្រូនិកល្បីៗលំដាប់ថ្នាក់ពិភពលោក ពួកយើងអាចនាំយកការប្រកួត និងបទពិសោធន៍ប្រកួតកីឡាអេឡិចត្រូនិកមកសម្រាប់យុវជនកម្ពុជា និងអនុញ្ញាតឱ្យពួកគេចូលរួមនៅលើឆាកអន្តរជាតិ»។

លោក វ៉ាត់សុន Watson បានបន្តទៀតថា ការចូលរួមប្រកួតកីឡាអេឡិចត្រូនិកជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយជាច្រើនទៀត ដែលយុវជនអាចកម្សាន្ត និងរីករាយក្នុងការលេងអ៊ីនធើណេត Cellcard 4G LTE លឿនជាងគេនៅប្រទេសកម្ពុជា។

កម្មវិធីកីឡាអេឡិចត្រូនិក គឺភាគច្រើនសម្រាប់យុវជនគ្រប់រូប ដែលពួកយើងលើកទឹកចិត្តឱ្យចូលរួម និងទស្សនាស្តង់ Cellcard ដែលពួកគាត់នឹងទទួលបានបទពិសោធន៍ផ្ទាល់ និងមានឱកាសឈ្នះរង្វាន់ជាច្រើន។

តាមដានព័ត៌មានថ្មីៗនិងរីករាយជាមួយកម្មវិធីប្រកួតនៅលើ Facebook និង ផេក Youtube របស់ Cellcard Play៕


ចែករំលែក៖