ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ជំនាញខាងប្រើដំបងវាយប្លន់ ទៅពន្ធនាគារព្រៃស

ចែករំលែក៖

ភ្នំពេញ៖ ចោរប្លន់ម្នាក់ ជំនាញខាងប្រើដំបងវាយប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ តាមបណ្ដោយផ្លូវ៦០ម៉ែត្រកន្លងមក ត្រូវបាកម្លាំងសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស តាមការបញ្ជាឲ្យឃុំខ្លួនរបស់តុលាការ កាលពីព្រឹកថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីរូបគេបានពួនសម្ងំនៅកន្លែងងងឹង រង់ចាំស្ទាក់វាយប្លន់សម្ភារមានតម្លៃ ។

យោងតាមមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានជនសង្ស័យម្នាក់ឈ្មោះ នូ សុផា ភេទប្រុស អាយុ ៣៣ឆ្នាំ ដោយមានកាន់ដំបងឬស្សីមួយដើម ប្រវែងប្រហែលមួយម៉ែត្រ ឈរនៅទីងងឹងរង់ចាំស្ទាក់វាយប្លន់ប្រជាពលរដ្ឋដែលធ្វើដំណើរម្នាក់ឯងឆ្លងចំណុចខាងលើ ។ លុះមួយសន្ទុះក្រោយមកស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1AH-7050 មា្នក់ឯង ឆ្លងកាត់ទីនោះ ជាឳកាសល្អរូបគេបានវាយ ទៅលើបុរសជាជនរងគ្រោះនោះ ០៣ដំបង បណ្តាលឲ្យចំដៃ ០២ដំបង ,ចង្កេះ ០១ដំបង ដើម្បីប្លន់យកម៉ូតូ ភ្លាមនោះជនរងគ្រោះបានផ្តួលម៉ូតូរត់ ហើយស្រែកឲ្យគេឯងជួយ ។ ភ្លាមនោះជនសង្ស័យ បានលើកម៉ូតូរបស់ជនរងគ្រោះបម្រុងជិះគេចខ្លួន គាប់ជួនត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន ស្តាប់លឺសម្លេងជនរងគ្រោះសែ្រកឲ្យជួយ បានចុះមកដល់កន្លែងកើតហេតុឃើញក៏ឃាត់ខ្លួនជនសង្ស័យខាលើ ភ្លាមៗតែម្តង ។

បច្ចុប្បន្នជនជាប់ចោទឈ្មោះ នូ សុផា ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវបាកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ៕ស តារា


ចែករំលែក៖