ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលរដ្ឋបាលឫស្សីកែវ ឃាត់ខ្លួនចោរស្រីម្នាក់ ក្រោយបន្លំលួចយកទូរស័ព្ទ និង IPad

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ ត្រូវបានកម្លាំងនគរបាលរដ្ឋបាលឫស្សីកែវ ឃាត់ខ្លួនបន្ទាប់ពីរូបគេបានធ្វើសកម្មភាពបន្លំលួចយកទូរស័ព្ទមួយគ្រឿងម៉ាក IPhone 5 និង IPad Air 2 មួយគ្រឿង បានសម្រេចហើយ តែត្រូវជនរងគ្រោះដឹងទាន់ក៏ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចជួយធ្វើអន្តរាគមន៍ចាប់ក្របួចជាប់ ។

ករណីឃាត់ខ្លួនចោរស្រីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃសៅរ៍ ២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ចំណុចផ្ទះលេខ៤០៣ ផ្លូវលំ ក្រុមទី១៧ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

តាមប្រភពព័ត៍មានពីលោកអនុ.ឯក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ បានឲ្យដឹងថា កម្លាំងប៉ុស្តិ៍ឬស្សីកែវ បានឃាត់ជនសង្ស័យម្នាក់ឈ្មោះ សុខ ឆៃលីន ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញមុខរបរ មិនពិតប្រាកដ ពាក់ព័ន្ធករណីលួចទូរស័ព្ទ និង IPad ។ ចំណែកជនរងគ្រោះឈ្មោះ ភឿក សំណង់ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ៤០៣ ផ្លូវលំ ក្រុមទី១៧ ភូមិមិត្តភាព សង្កាត់ឬស្សកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញមុខរបរ បុគ្គលិកក្រុមហ៊ុន។

សម្ភារដកហូតមាន ទូរស័ព្ទ IPhone 5 មួយគ្រឿង និង IPad Air 2 មួយគ្រឿង បានប្រគល់ជូនជនរងគ្រោះវិញ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានផ្នែកជំនាញខណ្ឌ និងប៉ុស្តិ៍សាកសួរចម្លើយកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតីវិធី ៕ អារុណរះ


ចែករំលែក៖